ព័ត៌មានជាតិ

សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចមិនប្ដឹងបន្ត ​ក្រោយ​លោក​ គង់​ គាំ​ ប្រគល់ផ្ទះ​ និងដី​ជូនរដ្ឋវិញ

ភ្នំពេញ​ ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បានសម្រេចមិនប្ដឹងបន្ដទៀត ក្រោយលោក​ គង់​ គាំ​ និងភរិយា​ ប្រគល់ផ្ទះ​ និងដី​ ជូនក្រសួងការបរទេសវិញ។

តាមរយៈគេហទំព័រហ្វេសប៊ុក​ នាយប់ថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២៣​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានថ្លែងថា​ “ទីបំផុតដី និងផ្ទះ ដែលជាសម្បត្តិរដ្ឋត្រូវបាន លោក គង់ គាំ និងភរិយាផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោក គង់ គាំ និងគ្រួសាររយៈពេល​៣ម៉ោងកន្លះ”។

សម្ដេច​ បន្ដថា​ “កុំឲ្យយប់យូរសុបិនច្រើន​ ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេ​ គឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះ​ជូនក្រសួងការបរទេសដែលអាចធ្វើ
នាសប្តាហ៍ក្រោយ”។

យោងតាម​លិខិតផ្ញើជូន​ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គង់ គាំ បានទទួលស្គាល់ថា ខ្លួនមានការឆ្គាំឆ្គង និងយល់មិនបានអស់អំពីបែបបទនៃការសុំកាន់កាប់ផ្ទះ និងដី។

ក្នុងលិខិតនេះដែរ លោក គង់ គាំ បានថ្លែងអំណរគុណដល់អង្គភាពប្រឆាំងអំពើពុករលួយ រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុគ្រោះដល់ការឆ្គាំឆ្គងរបស់លោក។

សូមរំលឹកថា​ ដី​ និងផ្ទះ​ ដែលលោក គង់ គាំ កំពុងរស់នៅ គឺជាដីកម្មសិទ្ធិរបស់ក្រសួងការបរទេសនត្រូវបានលោកចូលមករស់នៅ​ កាលពីឆ្នាំ១៩៨២៕

To Top