ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកូរ៉េ ចាត់ទុកប្រទេសកម្ពុជា គឺជាមិត្តដ៏គួរឲ្យទុកចិត្តបំផុត

ភ្នំពេញ៖ លោក ជុង សៃឃ្យូង (Chung Sye Kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានចាត់ទុកប្រទេសកម្ពុជា គឺជាមិត្តដ៏គួរឲ្យទុកចិត្តបំផុត របស់សាធារណរដ្ឋកូរ៉េ តាមរយៈទំនាក់ទំនង នៃប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសចាប់តាំងតែពីបាន ភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាលពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន ។

ក្នុងពិធី លៀងសាយភោជន៍អាហារថ្ងៃត្រង់ការងារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះលោក ជុង សៃឃ្យូង (Chung Sye Kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានមានប្រសាសន៍បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំកំពូលៗ របស់សាធារណរដ្ឋកូរ៉េ ប្រជាជនកូរ៉េ លោកថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះតួនាទីយ៉ាងសកម្មបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងទំនាក់ទំនង នៃប្រទេសទាំងទាំងពីរ ទាំងក្នុងទំនាក់ទំនងទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ពិសេសលោកសូមកោតសរសើរដោយស្មោះ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបង្កើតនូវគំនិតផ្តួចផ្តើម ឲ្យមានកិច្ចប្រជុំកំពូលមេគង្គ សាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរ ចំពោះនយោបាយដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងបណ្តាប្រទេសអាស៊ាន។

នាយករដ្ឋមន្រ្តីកូរ៉េ ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន លើគ្រប់ផ្នែកទាំងអស់ នៃប្រទេសទាំងពីរ ហើយជាមួយគ្នានេះ សាធារណរដ្ឋកូរ៉េ និងខិតខំធ្វើនូវអ្វីៗគ្រប់បែបយ៉ាង ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ នៅចំពោះមុខ សម្តេចតេជោនាយករដ្ឋមន្រ្តី លោក ជុង សៃឃ្យូង មានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េ នឹងជួយដល់ប្រទេសកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យទទួលបាន នូវភាពជោគជ័យខ្ពង់ខ្ពស់បំផុត នាពេលខាងមុខ៕

To Top