ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសាទរចំពោះការសន្យានាពេលថ្មីៗនេះ នៃការបញ្ជូនអាវុធធុនធ្ងន់ពី សម្ព័ន្ធមិត្តលោកខាងលិច ទៅកាន់ប្រទេសអ៊ុយក្រែន ដោយលើកឡើងថា លោករំពឹងថានឹងមានបន្ថែមទៀត “នាពេលអនាគតដ៏ខ្លីខាងមុខនេះ” ។
ប្រមុខនៃសម្ព័ន្ធភាពយោធាឆ្លងអាត្លង់ទិក បានធ្វើការអត្ថាធិប្បាយ កាលពីថ្ងៃអាទិត្យមួយថ្ងៃបន្ទាប់ពី រលកនៃការវាយប្រហាររបស់រុស្ស៊ី នៅទូទាំងអ៊ុយក្រែនម្តងទៀត បានកំណត់គោលដៅលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយបានបណ្តាលឱ្យ មនុស្សយ៉ាងហោចណាស់ ៣០ នាក់ស្លាប់ បន្ទាប់ពីអគារលំនៅដ្ឋានមួយ ត្រូវបានវាយប្រហារនៅទីក្រុង Dnipro ភាគខាងកើតអ៊ុយក្រែន។
លោក Stoltenberg បានប្រាប់កាសែត Handelsblatt ប្រចាំថ្ងៃរបស់អាល្លឺម៉ង់ថា “ការសន្យានាពេលថ្មីៗនេះ សម្រាប់ឧបករណ៍សង្គ្រាមធុនធ្ងន់ គឺមានសារៈសំខាន់ ហើយខ្ញុំរំពឹងថា នឹងមានច្រើនទៀត នាពេលអនាគតដ៏ខ្លីខាងមុខនេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។
មុនពេលកិច្ចប្រជុំមួយ កាលពីថ្ងៃសុក្ររបស់ មន្ត្រីការពារជាតិមកពីប្លុក ដែលមានបំណងសម្របសម្រួល ការផ្ទេរអាវុធទៅកាន់ទីក្រុងគៀវ ។ អ្វីដែលអង្គការណាតូ សំដៅទៅលើក្រុមទំនាក់ទំនង ការពារជាតិអ៊ុយក្រែន គ្រោងនឹងរៀបចំកិច្ចប្រជុំលើកទីបី របស់ខ្លួននៅឯមូលដ្ឋានទ័ពអាកាស Ramstein របស់សហរដ្ឋអាមេរិកក្នុងរដ្ឋ Rhineland និងPalatinate របស់អាល្លឺម៉ង់នៅថ្ងៃសុក្រ។
នៅពេលសួរថា តើអាល្លឺម៉ង់ក៏ត្រូវតែផ្លាស់ប្តូរ ដើម្បីផ្តល់អាវុធធុនធ្ងន់ដល់ អ៊ុយក្រែនដែរឬអត់នោះ លោក Stoltenberg បានលើកឡើងថា “យើងកំពុងស្ថិតក្នុងដំណាក់កាល សម្រេចចិត្តនៃសង្រ្គាម។ យើងកំពុងជួបប្រទះការប្រយុទ្ធគ្នាយ៉ាងខ្លាំង។ ដូច្នេះ វាជារឿងសំខាន់ដែលយើងផ្តល់អាវុធដល់អ៊ុយក្រែនដែលវាត្រូវការដើម្បីឈ្នះ ហើយបន្តជាប្រទេសឯករាជ្យ” ៕
ប្រែសម្រួល ឈូក បូរ៉ា