ព័ត៌មានអន្តរជាតិ

លោក ពូទីន វាយតម្លៃលើសមរភូមិ ប្រតិបត្តិការយោធា នៅអ៊ុយក្រែន បន្ទាប់ពីកងទ័ពរុស្ស៊ី ដណ្តើមបានទីក្រុង Soledar

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ការវាយតម្លៃជាវិជ្ជមានលើការអភិវឌ្ឍន៍សមរភូមិ នៃប្រតិបត្តិការយោធា នៅអ៊ុយក្រែន។ ការអត្ថាធិប្បាយរបស់លោក គឺបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីកងកម្លាំងរុស្ស៊ី បានដណ្តើមយកទីក្រុង យុទ្ធសាស្ត្រ Soledar របស់តំបន់ Donbass ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ ជាមួយប៉ុស្តិ៍ព័ត៌មាន Rossiya 1 ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក ពូទីន បាននិយាយថា “សក្ដានុពលមានភាពវិជ្ជមាន ។ អ្វីគ្រប់យ៉ាងកំពុងអភិវឌ្ឍ ក្នុងក្របខ័ណ្ឌនៃផែនការ របស់ក្រសួងការពារជាតិ និងអគ្គសេនាធិការចម្រុះ»។

លោកក៏បានបង្ហាញក្តីសង្ឃឹមថា “អ្នកប្រយុទ្ធរបស់យើងនឹងបំពេញ ចិត្តយើងបន្ថែមទៀតចំពោះលទ្ធផលរបស់ពួកគេ”។

កាលពីថ្ងៃសុក្រ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ពីការដណ្តើមបានទីប្រជុំជនយុទ្ធសាស្ត្រ Soledar របស់តំបន់ Donbass ដែលជាកន្លែងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំង ដោយកត់សម្គាល់ពីសារៈសំខាន់របស់ទីក្រុងនេះ “សម្រាប់ការបន្តសកម្មភាពវាយលុកប្រកបដោយជោគជ័យ” ។

ក្រុមមន្ត្រីបានពន្យល់ថា ការរឹបអូសយកទីក្រុង Soledar អាចត្រួសត្រាយផ្លូវសម្រាប់ការកាត់ខ្សែផ្គត់ផ្គង់ ដល់កងកម្លាំងអ៊ុយក្រែននៅក្នុងទីក្រុង Artyomovsk ក្បែរនោះ ដែលទីក្រុងគៀវ បានប្តូរឈ្មោះទៅ Bakhmut ៕

ប្រែសម្រួលៈ ណៃ តុលា

To Top