ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារមីស៊ីលផ្លោង របស់រុស្ស៊ី ត្រូវចំប្លុកអគារ ក្នុងទឹកដីអ៊ុយក្រែន មានរហូតដល់៤០នាក់

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ីនៅទីក្រុង Dnipro របស់អ៊ុយក្រែនបានកើនឡើង ដល់៤០នាក់ហើយ កាលពីថ្ងៃចន្ទ ដោយរាប់សិបនាក់ទៀតបានបាត់ខ្លួន ដែលធ្វើឱ្យវាក្លាយជា ឧប្បត្តិហេតុជនស៊ីវិលស្លាប់ច្រើនបំផុត នៃយុទ្ធនាការបាញ់មីស៊ីលរយៈពេល៣ខែ របស់ក្រុងម៉ូស្គូនៅឯទីក្រុងនានា ឆ្ងាយពីសមរភូមិមុខ ។

អ៊ុយក្រែន បានឲ្យដឹងថា ការស្លាប់របស់ជនស៊ីវិលយ៉ាងច្រើន ដែលខ្លួនពិពណ៌នាថា ជាអំពើភេរវកម្ម បង្ហាញពីមូលហេតុដែលខ្លួន ត្រូវការអាវុធបន្ថែមទៀត ដើម្បីកម្ចាត់កងកម្លាំងរុស្ស៊ី ក្នុងរយៈពេល១១ខែបន្ទាប់ពីពួកគេ បានឈ្លានពាន ។ រុស្ស៊ីបានបដិសេធចេតនាកំណត់គោលដៅ ទៅលើជនស៊ីវិល ។

លោកស្រី Christine Lambrecht រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បានលាលែងពីតំណែងកាលពីថ្ងៃចន្ទ ខណៈដែលរដ្ឋាភិបាលរបស់លោកស្រី ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ដើម្បីអនុញ្ញាតឱ្យសម្ព័ន្ធមិត្ត បញ្ជូនរថពាសដែកធុនធ្ងន់ របស់អ៊ុយក្រែននៅដើមសប្តាហ៍ ដែលមើលទៅដូចជាសប្តាហ៍ដ៏សំខាន់ សម្រាប់ផែនការរបស់លោកខាងលិច ក្នុងការពង្រឹងទីក្រុង គៀវ ។

ក្រុមមន្ត្រីបានទទួលស្គាល់ក្តីសង្ឃឹមតិចតួច ក្នុងការស្វែងរកអ្នកផ្សេងទៀតនៅរស់រានមានជីវិត នៅក្នុងគំនរបាក់បែកនៃការវាយប្រហារ កាលពីថ្ងៃសៅរ៍ នៅកណ្តាលទីក្រុង Dnipro ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្លែងថា ប្រតិបត្តិការជួយសង្គ្រោះនឹងបន្ត “ដរាបណាមានឱកាសតិចតួចបំផុត ក្នុងការជួយសង្គ្រោះជីវិត” ។

“មនុស្សរាប់សិបនាក់ ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែក រួមទាំងកុមារចំនួន៦នាក់ ។ យើងកំពុងប្រយុទ្ធដើម្បីមនុស្សគ្រប់រូប!” លោក Zelenskiy បានថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីយប់មិញដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top