ព័ត៌មានជាតិ

សម្តេច ស ខេង អញ្ជើញប្រគល់-ទទួលអគារស្នាក់នៅ និងអគារធ្វើការរបស់ អង្គភាពនគរបាល ការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់-ទទួលអគារ ស្នាក់នៅ និងអគារធ្វើការរបស់ អង្គភាពនគរបាល ការពារបេតិកភណ្ឌប្រចាំ តំបន់អង្គរ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

សូមបញ្ជាក់ថា បរិវេណ នៃអគារស្នាក់នៅ និងអគារធ្វើការថ្មីនេះជាសមិទ្ធផលសំខាន់មួយទៀត ដែលកើតចេញពីកិច្ចខិតខំ ប្រឹងប្រែងរួមគ្នា រវាង អាជ្ញាធរជាតិអប្សរា និងអង្គភាពនគរបាលការពារបេតិកភណ្ឌ ក្រោមការគាំទ្ររបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរខេត្តសៀមរាប ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ក្នុងកិច្ចអភិរក្ស និង អភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ប្រកបដោយចីរភាព សំដៅកែលម្អឡើងវិញ និងពង្រីកទេសភាពបៃតង ដើម្បីលើកតម្លៃបន្ថែមដល់ភាពលេចធ្លោ ជាសកលនៃរមណីយដ្ឋានអង្គរ ។

លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធ នៃអគារអង្គភាពនគរបាលការពារ បេតិកភណ្ឌប្រចាំតំបន់អង្គរទាំងមូលមានទំហំ ១,៧០៨ ម៉ែត្រក្រឡា ក្នុងនោះមានអគារថ្នាក់ដឹកនាំ និងសាលប្រជុំ ចំនួន៧បន្ទប់ បន្ទប់ស្នាក់នៅ របស់ប្រធានអង្គភាព ចំនួន២បន្ទប់ អគារអនុប្រធានអង្គភាព និងផ្នែកព្រហ្មទណ្ឌ ចំនួន៦បន្ទប់ អគារសុខាភិបាល និងវិទ្យុចំនួន៥បន្ទប់ អគារស្នាក់នៅ កម្លាំងអន្តរាគមន៍ ចំនួន៦បន្ទប់ អគារផ្ទះបាយ ចំនួន១បន្ទប់ ជំរកកម្លាំងត្រៀម និងប៉ុស្តិ៍យាមជាដើម ដោយចំណាយពេល ក្នុងការសាងសង់រយៈពេល២៤ខែ ដែលបានចាប់ផ្តើមសាងសង់ ពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយ បញ្ចប់ការងារសាងសង់ជាស្ថាពរ នៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១ ។

ជាងនេះទៅទៀត ការដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ទីតាំងថ្មីរបស់ អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ជាកិច្ចសហការលើក តម្លៃទេសភាពវប្បធម៌ នៃបេតិកភណ្ឌជាតិការពារ និងអភិរក្សមរតកជាតិ រួមចំណែកកាត់បន្ថយនូវផល ប៉ះពាល់ចំពោះបុរាណវិទ្យាក្រោមដី ដែលអាចកើតចេញពីសំណង់សាធារណៈ និងឯកជនសាងសង់ឡើង នៅកៀកកិតប្រាសាទសំខាន់ៗ នៃរមណីយដ្ឋានអង្គរ។

សូមរំលឹកថា ទីតាំងទីស្នាក់ការ នៃអង្គភាពនគរបាលការពារ បេតិកភណ្ឌប្រចាំតំបន់អង្គរចាស់ ត្រូវបានផ្លាស់ប្តូរទៅតាំងថ្មីស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលទីតាំងស្នាក់ការចាស់នេះ ត្រូវបានអាជ្ញាធរជាតិ អប្សរា កែលម្អ ដើម្បីបន្ថែមទេសភាព បៃតងនៅមុខប្រាសាទអង្គរវត្ត ហើយគ្រោងនឹង បើប្រាស់ជាទីកន្លែង សម្រាប់រៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ នាពេលអនាគត ជំនួសឱ្យទីធ្លានៅចំខាង មុខស្ពានហាលអង្គរវត្ត ដែលនឹងប្រើប្រាស់ សម្រាប់តែព្រឹត្តិការណ៍ជាតិធំៗ និងចាំបាច់បំផុតប៉ុណ្ណោះ ៕

To Top