ព័ត៌មានជាតិ

ពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង តាមសណ្តរស្ទឹងព្រែកត្នោត ជាង២០០០គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ ប្រជាពលរដ្ឋ ជាង២០០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ បានទទួលអំណោយ មនុស្សធម៌ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការដោះស្រាយជីវភាព និងទុក្ខលំបាក។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បាននាំយកអំណោយមនុស្សធម៌ មានដូចជា ៖ មី អង្ករ ប្រេងឆា ប្រគល់ជូនប្រជាពលរដ្ឋចំនួន២២២៥គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមសណ្ដស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងបរិវេណវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង មានប្រសាសន៍ថា អំណោយ ដែលបានប្រគល់ជូននាពេលនេះ គឺ ជាទឹកចិត្តរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក្នុងការចូលរួម ចំណែកជួយសម្រាល ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសនេះ ជាការផ្តល់អាហារទាន់ពេលវេលា ដែលសម្ដេចតេជោ តែងតែណែនាំទៅដល់គ្រប់អាជ្ញាធរ ថ្នាក់ក្រោមជាតិ ក៏ដូចជាក្រសួង មន្ទីរពាក់ព័ន្ធគឺត្រូវអនុវត្ត ឱ្យបាន ទីណាមានទុក្ខលំបាក ទីនោះមានសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទីណាមានប្រជាពលរដ្ឋខ្វះស្បៀងអាហារ អាជ្ញាធរត្រូវផ្គត់ផ្គង់ ឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ ដោយអត់បាយនោះឡើយ គឺត្រូវគាំពារ និងការពារទៅលើជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ។

លោកអភិបាលរាជធានីភ្នំពេញ ថែមទាំងបានបញ្ជាក់ថា សម្តេចតេជោតែងផ្តាំថា ទោះជាមានឧបសគ្គ ឬឧបទ្ទវហេតុអ្វីកើតឡើងក៏ដោយ ត្រូវការពារអាយុជីវិត ប្រជាពលរដ្ឋឱ្យខាងតែបាន បន្ទាប់ពីនេះ ត្រូវបានផ្តល់ស្បៀងអាហារឱ្យបានទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋ ដើម្បីការពារដល់អាយុជីវិតប្រជាពលរដ្ឋបន្តទៅទៀត នេះជាកិច្ចការងារទីមួយរបស់អាជ្ញាធរដែនដី ដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដូច្នេះគោលការណ៍នេះ យើងខ្ញុំដែលជាអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ហើយនេះហើយគឺជាសិទ្ធសេរីភាព របស់បងប្អូនប្រជាពលរដ្ឋ គឺសិទ្ធិរស់រានមានជីវិត បងប្អូនមានសិទ្ធិសម្ដែងមតិ មានសិទ្ធិធ្វើកិច្ចការអ្វីៗសព្វបែបយ៉ាងបន្តទៅទៀត ។

លោក ក៏បានណែនាំ ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត អាចទៅមន្ទីរបក្ស សង្កាត់ ខណ្ឌ ឬរាជធានីភ្នំពេញ ដោយកន្លែងទាំងនេះ មានស្បៀងបម្រុងទុក សម្រាប់ជួយដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដោយមិនទុកនរណាម្នាក់ ស្លាប់ដោយអត់បាយនោះទេ ។

ក្នុងនោះ លោកឃួង ស្រេង ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ តាមសណ្តរស្ទឹងព្រែកត្នោត បើទោះបីទឹកស្រកហើយក៏ដោយ ក៏ត្រូវបង្កើនការថែរក្សា អនាម័យសុខភាព និង ការពារសុវត្ថិភាព របស់ក្រុមគ្រួសារឱ្យបានខ្ជាប់ខ្ជួន ដោយកុំឱ្យក្មេងតូចៗ លេងទឹកដែលអាចបង្កគ្រោះថ្នាក់ ជាយថាហេតុណាមួយកើតឡើង ។

សូមបញ្ជាក់ថា ទឹកស្ទឹងព្រែកត្នោត បានចាប់ផ្ដើមឡើងខ្លាំង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំង និងហៀរចូលលិចលំនៅដ្ឋាន ប្រជាពលរដ្ឋជាច្រើនខ្នង ហើយបានស្រកលឿនទៅវិញជាបណ្តើរៗ៕

To Top