គៀវ ៖ ចក្រភពអង់គ្លេស បានសន្យាផ្តល់រថក្រោះ ប្រយុទ្ធជាច្រើនគ្រឿង ទៅឲ្យអ៊ុយក្រែន ខណៈខ្លួនបន្តប្រយុទ្ធនឹង កម្លាំងឈ្លានពាន របស់រុស្ស៊ី នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា ។
ទីក្រុងមូស្គូ បានបញ្ចេញប្រតិកម្ម ដោយកំហឹងដោយថា អង្គភាពទាំងអស់ដែលចក្រភពអង់គ្លេស គ្រោងនឹងបញ្ជូន “នឹងត្រូវបានកំទេចចោល” និងមិនធ្វើអ្វីដើម្បីកែប្រែលទ្ធផល នៃសង្រ្គាមជិតមួយឆ្នាំ របស់ខ្លួនបានឡើយ ។
សេចក្តីប្រកាសរបស់ចក្រភពអង់គ្លេស ទំនងជានឹងបង្កើនសម្ពាធ លើប្រទេសអាល្លឺម៉ង់ ក្នុងការអនុញ្ញាត ឱ្យនាំចេញរថក្រោះផលិត ដោយអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែន ខណៈដែលប្រទេសអឺរ៉ុប មួយចំនួនកំពុងរង់ចាំការ យល់ព្រមពីទីក្រុងប៊ែរឡាំង។
ហេតុអ្វីបានជាអ៊ុយក្រែន អំពាវនាវរកជំនួយរថក្រោះពីលោកខាងលិច? រដ្ឋាភិបាលអ៊ុយក្រែនបានអង្វរម្តងហើយម្តងទៀត សម្រាប់អាវុធបន្ថែម – រួមទាំងរថក្រោះប្រយុទ្ធ ពីសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរុញ កងកម្លាំងរុស្ស៊ីចេញពីប្រទេស។
រហូតមកដល់ពេលនេះ អ៊ុយក្រែន បានពឹងផ្អែកជាចម្បងលើប្រភេទរថក្រោះ T-72 សម័យសូវៀត។ រថក្រោះសមរភូមិដែលរចនាឡើងដោយប្រទេសណាតូ ដូចជាផលិតដោយចក្រភពអង់គ្លេស និងអាល្លឺម៉ង់ នឹងផ្តល់ឱ្យកងកម្លាំងរបស់ទីក្រុងគៀវ ជាមួយនឹងការការពារប្រសើរជាងមុន និងកម្លាំងបាញ់ត្រឹមត្រូវជាងមុន ៕