ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា កម្ពុជាមានចំណុចខ្លាំង ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសនៅកម្ពុជា គ្មានទោសប្រហារជីវិតនោះទេ។ នេះបើយោងគេហទំព័រហ្វេសប៊ុករបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
នាឱកាសអញ្ជើញទទួលជួប លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស (Victor Madrigal-Borloz) អ្នកជំនាញឯករាជ្យរបស់អង្គការ សហប្រជាជាតិ ស្តីពីការការពារប្រឆាំងនឹងអំពើហិង្សា និងការរើសអើងផ្អែកលើនិន្នាការភេទ និងអត្តសញ្ញាណ យេនឌ័រ (IE SOGI) នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោក កែវ រ៉េមី បានលើកឡើងថា «ប្រទេសកម្ពុជាមានចំណុចខ្លាំង ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ដែលអាចមើលឃើញតាមរយៈ ការចែងយ៉ាងច្បាស់នៅពេញមួយជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ អំពីការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ហើយជាពិសេស នៅកម្ពុជាគ្មានទោសប្រហារជីវិតទេ»។
លោក បន្ដថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតឱ្យមានការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ទទួលយកអ្នករាយការណ៍ពិសេស លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានផ្ដល់សច្ចាប័នលើ អនុសញ្ញាសិទ្ធិមនុស្សសំខាន់ៗចំនួន ៨ ក្នុងចំណោមអនុសញ្ញាទាំង៩ ទាំងនេះគឺជាការបង្ហាញនូវប្ដេជា្ញចិត្ត យ៉ាងច្បាស់លាស់របស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។
ក្នុងជំនួបនោះ លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស បានបង្ហាញនូវការកោតសរសើរ ចំពោះប្រទេសកម្ពុជា ដែលបានយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ ទាំងនៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល គឺបានការពារមិនឱ្យមានការរើសអើង ហើយទាំងនៅក្នុងការអនុវត្តសមត្ថកិច្ច ក៏មិនឃើញមានការរើសអើង ជាប្រព័ន្ធនោះទេ។
លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស បានបញ្ជាក់ថា លោកនឹងដាក់បញ្ចូលទៅក្នុង របាយការណ៍របស់លោក ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ អំពីភាពជាវិជ្ជមានដែលក្នុងច្បាប់ គោលនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាមិនឱ្យមានការរើសអើង ដោយផ្អែកលើនិន្នាការភេទ។ ចំពោះ លោកផ្ទាល់សូមគោរពនូវការប្ដេជ្ញាចិត្ត របស់កម្ពុជាដែលបានទទួលយកអនុសាសន៍ ក្នុងការធ្វើឱ្យស្របច្បាប់ចំពោះ អាពាហ៍ពិពាហ៍ភេទដូចគ្នា ការធ្វើច្បាប់ប្រឆាំងការរើងអើង ៕