ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ចាត់ទុកការធ្វើតេស្តរហ័ស រកកូវីដ ដោយខ្លួនឯង ជាការជួយសង្គ្រោះទាន់ពេល

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងថា ការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ដោយខ្លួនឯង ក្នុងករណី សង្ស័យឆ្លង គឺជាការជួយសង្គ្រោះខ្លួនឯង ឲ្យមានការថែទាំព្យាបាលទាន់ពេលវេលា។

យោងតាមអត្ថបទរបស់ លោកស្រី ឱ វណ្ណឌីន នាថ្ងៃទី១៨ មករា បានបញ្ជាក់ថា បច្ចុប្បន្នវីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីនោះទេ ដោយពពួកអូមីក្រុងបំប្លែងខ្លួនថ្មីៗ ក៏កំពុងចរាចរនៅលើសាកលលោក និង នៅក្នុងតំបន់។

លោកស្រីបន្ដថា ទន្ទឹមគ្នានេះ នាឱកាសសែនដូនតា និងចូលឆ្នាំប្រពៃណីជាតិខ្មែរ ពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារខ្លួន ពីការចម្លងវីរុសកូវីដ-១៩ «៣ការពារ និង ៣កុំ» និងបន្តទៅទទួលយកការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញ (ដួសទី៣ ដូសទី៤ ដួសទី៥ ដួសទី៦ និងដួសជំរុញបន្តបន្ទាប់) នៅពេលដល់វេន ឲ្យបានត្រឹមត្រូវតាមពេលវេលា។

លោកស្រីបន្ថែមថា ដើម្បីជួយដល់ការថែទាំសុខភាព និងព្យាបាលបានទាន់ពេល ព្រមទាំងការពារផលប៉ះពាល់សុខភាពធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ បើមានរោគសញ្ញាសង្ស័យ ត្រូវប្រញាប់ធ្វើតេស្ដរហ័ស ដោយខ្លួនឯង ដើម្បីពិនិត្យរកវត្តមានវីរុសកូវីដ-១៩ ឲ្យបានលឿន។

លោកស្រីរដ្ឋលេខាធិការគូសបញ្ជាក់ថា «សូមកុំភ្លេច ការធ្វើតេស្តរហ័សដោយខ្លួនឯង គឺជួយសង្គ្រោះខ្លួនឯង ឱ្យមានការថែទាំ និងព្យាបាលបានទាន់ពេលវេលា។ ធ្វើតេស្តរហ័ស និងព្យាបាលរហ័ស ជាមធ្យោបាយដ៏ល្អ ជួយអាយុជីវិតលោកអ្នក ពីសត្រូវអត់ស្រមោលកូវីដ- ១៩”។

លើសពីនេះ លោកស្រីឱ្យដឹងទៀតថា ក្នុងករណីរកឃើញមានវីរុសកូវីដ ត្រូវនៅដាច់ដោយឡែក ចៀសវាងការចម្លងបន្តទៅក្រុមគ្រួសារ ឬទៅអ្នកដទៃ ៕

To Top