ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ុយក្រែន ស្លាប់ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រនៅជិតទីក្រុងគៀវ

គៀវ៖ យោងតាមសេវាសង្គ្រោះបន្ទាន់បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៦នាក់ រួមទាំងរដ្ឋមន្ត្រីក្រសួងមហា ផ្ទៃអ៊ុយក្រែន និងកុមារ ៣នាក់បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅជិតកន្លែងថែទាំមួយនៅខាងក្រៅរដ្ឋធានីគៀវ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Denys Monastyrskyy អនុលោករដ្ឋមន្រ្តីលោក Yevhen Yenin និងរដ្ឋលេខាធិការក្រសួង កិច្ចការ ផ្ទៃក្នុងលោក Yurii Lubkovych ស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់ក្នុងហេតុការណ៍នេះ។

ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា មូលហេតុអ្វីបានបណ្តាលឲ្យឧទ្ធម្ភាគចក្រធ្លាក់នៅទីក្រុង Brovary ដែលជាទី ប្រជុំជនធ្វើដំណើរ ដែលជាកន្លែងនៃការប្រយុទ្ធគ្នាយ៉ាង ខ្លាំងក្លានៅដើមឆ្នាំនៃការលុក លុយរបស់រុស្ស៊ីមកអ៊ុយក្រែន។

សេវាសង្គ្រោះបន្ទាន់រដ្ឋនៃអ៊ុយក្រែន (SESU) បានឲ្យដឹងនៅក្នុងការអាប់ដេតចុងក្រោយរបស់ខ្លួនថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦នាក់ក្នុងនោះមានកុមារបីនាក់ផងដែរ។ មន្ត្រី​មូលដ្ឋាន​ម្នាក់​បាន​ឲ្យដឹងនៅមុន​នេះ​ថា មនុស្ស​១៨​នាក់​បាន​ស្លាប់​ក្នុង​ការ​ធ្លាក់​យន្តហោះ​ខាងលើនេះ ។

មនុស្សយ៉ាងតិច ៣០នាក់បានរងរបួស ក្នុងនោះមានកុមារ ១២នាក់។ លោក Oleksiy Kuleba អភិបាលនៃតំបន់គៀវ បានសរសេរនៅលើបណ្ដាញ Telegram ថា “មានក្មេងៗ និងបុគ្គលិកនៅក្នុងមណ្ឌលថែទាំនៅពេលនៃសោកនាដកម្មនេះ” ។

លោកបានលើកឡើងថា “កុមារមកពីមត្តេយ្យគឺស្ថិតនៅក្នុងស្ថាប័នអប់រំមួយផ្សេងទៀត ហើយសេវា ពាក់ព័ន្ធកំពុងធ្វើការជាមួយពួកគេ” ដោយបន្ថែមថាសេវាសង្គ្រោះបន្ទាន់ទាំងអស់ គឺនៅនឹងកន្លែង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top