ព័ត៌មានអន្តរជាតិ

អតីតមេបញ្ជាការណាតូ៖ អាល្លឺម៉ង់ ចាំបាច់ត្រូវផ្ដល់រថក្រោះធុន Leopard 2 ដល់អ៊ុយក្រែន

ព្រុចសែល៖ អាល្លឺម៉ង់ ត្រូវតែផ្តល់រថក្រោះធុន Leopard 2 របស់ខ្លួនដល់កងកម្លាំងអ៊ុយក្រែន ដើម្បីទប់ទល់នឹងរុស្ស៊ី នេះបើតាមអតីតមេបញ្ជាការអង្គការណាតូ បានប្រាប់កាសែត Newsweek ។

អតីតមេបញ្ជាការរងនៃសម្ព័ន្ធមិត្តកំពូលអឺរ៉ុបចន្លោះឆ្នាំ (២០១១-២០១៤) លោក Sir Richard Shirreff បានលើកឡើងថា បញ្ហាសំខាន់នៅឯកិច្ចប្រជុំ ដឹកនាំដោយសហរដ្ឋអាមេរិក នៃសម្ព័ន្ធមិត្តរបស់ទីក្រុងគៀវ នៅថ្ងៃសុក្រនៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ នឹងស្ថិតនៅលើការផ្តល់រថក្រោះលោកខាងលិច ដើម្បីទប់ទល់នឹងការវាយលុក របស់រុស្ស៊ី និងបើកការវាយលុកបកវិញ។

ប៉ូឡូញ និងហ្វាំងឡង់ ស្ថិតក្នុងចំណោមប្រទេស ដែលមានរថក្រោះផលិតដោយអាល្លឺម៉ង់ទាំងនេះ ហើយសុខចិត្តប្រគល់វាទៅទីក្រុងគៀវ ដែលពឹងផ្អែកលើវ៉ារ្យ៉ង់សម័យសូវៀត ដែលមិនសូវជឿនលឿន ដូចជា T-72។

ទោះជាយ៉ាងណាក៏ដោយ ការនាំចេញរថក្រោះធុន Leopard 2s ឡើងវិញតម្រូវឱ្យមានការយល់ព្រម ពីរដ្ឋាភិបាលអាល្លឺម៉ង់ ដែលរហូតមកដល់ពេលនេះ អធិការបតីលោក Olaf Scholz មានការស្ទាក់ស្ទើរក្នុងការធ្វើ ដោយលើកឡើងថា រថក្រោះលោកខាងលិចគួរតែត្រូវបានផ្គត់ផ្គង់ ដោយកិច្ចព្រមព្រៀងក្នុងចំណោមសម្ព័ន្ធមិត្តសំខាន់ៗ របស់ទីក្រុងគៀវ ជាពិសេសសហរដ្ឋអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top