ភ្នំពេញ៖ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ ស្តង់លក់ផលិតផលសមុទ្រស្រស់ នៅម្តុំត្រឡោកបែក ដើម្បីយកគំរូមកវិភាគរកវត្តមានសារធាតុ គីមីហាមឃាត់ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ជាលទ្ធផលរកឃើញ បង្គាចាក់ចាហួយ ១៨០គីឡូក្រាម ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដោយអនុវត្តអនុសាសន៍ ណែនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងដើម្បីការពារសុខុមាលភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលនឹងឈានចូល មកដល់នៅថ្ងៃខាងមុខ ។ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំមន្រ្តីក្រោមឱវាទ ឱ្យបង្កើនសកម្មភាពចុះត្រួតពិនិត្យបណ្តា ទីផ្សារនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការចរាចរទំនិញ មិនមានអនុលោមភាព ពិសេសម្ហូបអាហារ។
យោងលទ្ធផលវិភាគបឋមដោយឧបករណ៍ ដែលបំពាក់លើរថយន្តពិសោធន៍ចល័ត ចំពោះគំរូផលិតផលចំនួន ៤០ បានបង្ហាញឱ្យឃើញថា ពុំមាន ប្រើប្រាស់សារធាតុគីមីហាមឃាត់ទេ។ ទោះយ៉ាងនេះក្តី មន្រ្តីជំនាញបានយកគំរូផលិតផលទាំងនោះ មកវិភាគនៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន បន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល។
ជាមួយគ្នានោះ មន្រ្តីសាខាក.ប.ប. រាជធានីភ្នំពេញ បានត្រួតពិនិត្យផលិតផលបង្គាស្រស់ ដែលកំពុងដាក់លក់តាមបណ្តាស្តង់ និងបានរកឃើញបង្គាចំនួន ១៨០ គីឡូក្រាម មានចាក់បញ្ចូលសារធាតុ CMC (ចាហួយ)។ មន្រ្តីជំនាញ បានអនុវត្តនីតិវិធីពិន័យអន្តរការណ៍ រឹបអូសទំនិញទាំងនោះ មកកម្ទេចចោលផងដែរ។
សូមបញ្ជាក់ថា សារធាតុ CMC (ចាហួយ) ជាសារធាតុដែលឈ្មួញ ខិលខូចមួយចំនួន តែងយកមកប្រើប្រាស់សម្រាប់ចាក់បញ្ចូល ក្នុងផលិតផលបង្គាស្រស់ ដើម្បីបង្កើនទំងន់ ក្នុងគោលបំណងកឹបកេងផលប្រយោជន៍ របស់អ្នកប្រើប្រាស់ ៕