សហជីពនៅកម្ពុជាបង្ហាញពីចេតនានយោបាយអាក្រក់របស់សម្ព័ន្ធប្រាក់ឈ្នួលគោលអាស៊ី ដែលនៅពីក្រោយការគាំទ្រប្រាក់ឈ្នួល ២៥០ ដុល្លារនៅកម្ពុជា
ភ្នំពេញ៖ សហជីពនៅកម្ពុជាបានបង្ហាញពីចេតនានយោបាយអាក្រក់របស់សម្ព័ន្ធប្រាក់ឈ្នួលគោលអាស៊ី (Asia Floor Wage Alliance) ដែលនៅពីក្រោយការទាមទារប្រាក់ឈ្នួលអប្បបរមា ២៥០ដុល្លារ នៅកម្ពុជា ដោយលើកឡើងថា យុទ្ធនាការនេះអាចមិនមែនផ្តោតតែលើការលើកកម្ពស់ជីវភាពកម្មករទេ ប៉ុន្តែអាចមានផលប្រយោជន៍ផ្សេងទៀតពាក់ព័ន្ធនឹងការប្រកួតប្រជែងទាក់ទាញការវិនិយោគក្នុងតំបន់ ខណៈប្រទេសមួយចំនួនដែលមានប្រាក់ឈ្នួលទាបជាងកម្ពុជាមិនត្រូវបានជំរុញឱ្យមានយុទ្ធនាការដំឡើងប្រាក់ឈ្នួល។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា ការគាំទ្ររបស់សម្ព័ន្ធប្រាក់ឈ្នួលគោលអាស៊ី ចំពោះការទាមទារប្រាក់ឈ្នួល ២៥០ ដុល្លារ អាចមានចេតនានៅពីក្រោយ ព្រោះការជំរុញឱ្យមានការដំឡើងប្រាក់ឈ្នួលខ្ពស់ អាចធ្វើឱ្យអ្នកវិនិយោគថ្មីរារែកក្នុងការចូលមកវិនិយោគនៅកម្ពុជា ខណៈអ្នកវិនិយោគដែលកំពុងប្រតិបត្តិការអាចពិចារណាដកការវិនិយោគចេញ ដោយសារការកើនឡើងនៃថ្លៃដើមផលិតកម្ម ជាពិសេសចំណាយលើប្រាក់ឈ្នួល។

លោក សំ សឿន បានបញ្ជាក់ថា៖ «ការជំរុញ ការគាំទ្រឱ្យមានការទាមទារនូវប្រាក់ឈ្នួលអប្បបរមា ២៥០.៦៦ ដុល្លារ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា អង្គការនេះមិនបានធ្វើការដោយឯករាជ្យ តម្លាភាព និងដោយវិជ្ជាជីវៈនោះទេ»។
លោកបន្តថា អង្គការនេះកំពុងជំរុញឱ្យសហជីពមួយចំនួនតូចដើរចេញពីយន្តការត្រីភាគី នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ហើយមិនបានយកលក្ខខណ្ឌវិនិច្ឆ័យទាំង៧ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ធ្វើជាមូលដ្ឋានក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្ពុជានោះទេ។

លោក សំ សឿន បញ្ជាក់ថា សហជីពមួយចំនួនដែលដើរតាមគន្លងរបស់ Asia Floor Wage បានយកតែមូលដ្ឋានស្រាវជ្រាវពីការចំណាយលើជីវភាពរបស់កម្មករនិយោជិតម្នាក់ ដែលត្រូវចិញ្ចឹមគ្រួសារទាំងមូល និងឪពុកម្តាយក្នុងបន្ទុក។ លោកថា ការគណនាបែបនេះ ធ្វើឱ្យតម្រូវការចំណាយមានកម្រិតខ្ពស់ ខណៈប្រាក់ឈ្នួលអប្បបរមាកម្ពុជាតាមច្បាប់ គិតលើគោលការណ៍កម្មករម្នាក់ចិញ្ចឹមមនុស្សម្នាក់ទៀតប៉ុណ្ណោះ។
ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានលើកឡើងថា ការគាំទ្ររបស់សហជីព និងអង្គការអន្តរជាតិមួយចំនួនចំពោះការទាមទារប្រាក់ឈ្នួល ២៥០ដុល្លារ នៅកម្ពុជា គួរត្រូវបានពិនិត្យឱ្យបានហ្មត់ចត់ ព្រោះការកំណត់ប្រាក់ឈ្នួលខ្ពស់ពេក ដោយមិនគិតពីសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស អាចបង្កផលប៉ះពាល់ដល់ការរក្សារោងចក្រ និងការបង្កើតការងារថ្មី។
លោក អ៊ុន ដារ៉ា បានបញ្ជាក់ថា៖ «ការកែលម្អជីវភាពកម្មករត្រូវធ្វើជាមួយការរក្សាការងារ និងការទាក់ទាញវិនិយោគ មិនមែនមើលតែចំនួនប្រាក់ឈ្នួលមួយមុខនោះទេ។ អ្វីដែលយើងត្រូវសួរទៅអង្គការមួយចំនួនដែលកំពុងតែជ្រួលជ្រើមនោះថា តើមានវិធានការអ្វីជាក់ស្តែង ដើម្បីធានាការបញ្ជាទិញ ធានាការងារជានិរន្តរដល់បងប្អូនកម្មករយើង»។
លោកបន្តថា ការទាមទារប្រាក់ឈ្នួលគួរតែធ្វើឡើងដោយផ្អែកលើទិន្នន័យជាក់ស្តែង និងពិចារណារួមទាំងថ្លៃជីវភាព ផលិតភាពការងារ សមត្ថភាពរបស់និយោជក ស្ថានភាពសេដ្ឋកិច្ច និងភាពប្រកួតប្រជែងក្នុងតំបន់ ដើម្បីធានាថា ការដំឡើងប្រាក់ឈ្នួលអាចផ្តល់អត្ថប្រយោជន៍ដល់កម្មករ ដោយមិនបង្កហានិភ័យដល់ការងារដែលមានស្រាប់ និងការវិនិយោគថ្មីនៅកម្ពុជា៕
