ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា មានប្រទេសជាច្រើន ធ្វើបដិវត្តន៍ លើសមិទ្ធផលចាស់ ឬកែលម្អថ្មីបន្ថែម ខុសពីបដិវត្តន៍នៅកម្ពុជា ត្រូវចាប់ផ្តើមកសាងឡើងវិញលើគ្រប់វិស័យ ដោយចាប់ផ្ដើមពីបាតដៃទទេ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ចំនួន ៦,៧៩១ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «មានប្រទេសជាច្រើន បានធ្វើបដិវត្តន៍ តែមិនដូចការធ្វើបដិវត្តន៍នៅកម្ពុជានោះទេ គឺខុសត្រង់ថា ការធ្វើបដិវត្តន៍របស់ប្រទេសទាំងនោះ បានបន្តជាមួយសមិទ្ធផលរបបចាស់ ឬគ្រាន់តែកែលំអចំណុចដែលរបបថ្មីយល់ថា មិនល្អ ប៉ុន្តែនៅកម្ពុជា ត្រូវចាប់ផ្តើមឡើងវិញលើគ្រប់វិស័យ ដោយចាប់ផ្ដើមពីបាតដៃទទេ ពេលដែលប្រទេសយើងងើប ពីសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំនោះ»។
សម្ដេចតេជោ បញ្ជាក់ថា «សម្រាប់កម្ពុជា ភាពអាណោចអាធម៌ បានកើនឡើងក្នុងក្របខណ្ឌទូទាំងប្រទេស មិនថារដ្ឋ ឬឯកជននោះទេ សុទ្ធតែត្រូវចាប់ផ្តើមឡើងវិញដូចៗគ្នា។ សម្ដេច បន្ដថា ក្រុមគ្រួសារនីមួយៗ ក៏ត្រូវចាប់ផ្តើមកសាងជីវភាពថ្មី ជាមួយនឹងការលំបាករាប់មិនអស់ ដែលបន្សល់ទុកពីរបប ប៉ុល ពត ខ្លះក្លាយទៅជាស្ត្រីមេម៉ាយ ខ្លះទៅជាពោះម៉ាយ ខ្លះទៅជាក្មេងកំព្រា បាត់បង់គ្រួសារ និងត្រូវត្រឡប់ទៅភូមិកំណើត ដែលត្រូវគេជម្លៀស។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ចំពោះវិស័យរដ្ឋ ស្ថាប័នទាំងអស់ នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវបង្កើតឡើងវិញផងដែរ។ សម្ដេច ថា ចំពោះវិស័យអប់រំក៏ដូចគ្នាដែរ ត្រូវកសាងឡើងវិញ ហើយមានទំហំធំជាង ការកសាងវិស័យផ្សេងៗទៀត ៕