ព័ត៌មានអន្តរជាតិ

មជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានធ្វើពិធីជួបសំណេះសំណាល ជូនពរឆ្នាំថ្មីប្រពៃណីចិន លោក Xi Jinping បានអញ្ជើញថ្លែងសុន្ទរកថា

ព្រឹកថ្ងៃទី ២០ ខែមករានៅទីក្រុងប៉េកាំង មជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានធ្វើពិធីជួបសំណេះសំណាល ជូនពរឆ្នាំថ្មីប្រពៃណីចិន នៅវិមានសភាប្រជាជនចិន ។

លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញថ្លែងសុន្ទរកថា ដោយតាំងនាមមជ្ឈិមបក្ស និងក្រុមប្រឹក្សាកិច្ចការរដ្ឋ ជូនពរឆ្នាំថ្មីប្រពៃណីចិន ជូនចំពោះប្រជាជនគ្រប់ជនជាតិ ទូទាំងប្រទេសចិន ចំពោះបងប្អូនជនរួមជាតិ នៅតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងបងប្អូនជនរួមជាតិតៃវ៉ាន់ និងជនជាតិចិននៅក្រៅប្រទេស។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ឆ្នាំខាលដែលជិតកន្លងផុតទៅ ប្រឈមមុខទាំងបរិយាកាសអន្តរជាតិ ដែលរងទាំងព្យុះនិងភ្លៀង និងភារកិច្ចធ្វើកំណែទម្រង់ ក្នុងប្រទេសដែលស្មុគស្មាញផងមមាញឹកផង ។ បក្សទាំងមូល កងទ័ពទាំងមូល ប្រជាជនគ្រប់ជនជាតិ ទូទាំងប្រទេសចិន បានសាមគ្គីគ្នា តស៊ូប្រឹងប្រែងជាមួយគ្នា បានចារទំព័រថ្មីនៃការកសាងទំនើបកម្ម បែបផែនសង្គមនិយម។

ឆ្នាំ២០២៣ជាឆ្នាំចាប់ផ្តើមអនុវត្តស្មារតី សមាជបក្សកុម្មុយនីស្តចិន លើកទី២០ដោយគ្រប់ជ្រុងជ្រោយ ប្រកបដោយក្តីសង្ឃឹមនិងបញ្ហាលំបាកជាមួយគ្នា ។ យើងត្រូវបន្តខិតខំ ដើម្បីឱ្យសេដ្ឋកិច្ចជាតិ ដំណើរការកាន់តែល្អ និងជំរុញគុណភាពជីវភាពរស់នៅ របស់ប្រជាជនកាន់តែប្រសើរឡើង។

លោកបានបន្តទៀតថា ក្នុងវប្បធម៌ប្រពៃណីចិន សត្វទន្សាយតំណាងឱ្យប្រាជ្ញា ឆ្លាតវៃ បរិសុទ្ធ ចិត្តល្អ ស្ងៀមស្អាតនិងល្អបវរ។ ឆ្នាំថោះជិតមកដល់ហើយ នឹងនាំមកនូវសំណាងល្អសិរីមង្គល ជឿថាប្រទេសជាតិ នឹងកាន់តែសុខសាន្ត សម្បូរភាពរស់រវើក និងបន្តរីកចម្រើន៕

To Top