ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ ប្រទេសរុស្ស៊ីបានឲ្យដឹងថា គ្មានកាលបរិច្ឆេទថ្មីណាមួយ ត្រូវបានកំណត់សម្រាប់ កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកលើសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ (New START) ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្កើនភាពតានតឹងរវាងភាគីទាំង២ ។
គេបានដឹងថា កិច្ចពិភាក្សារវាងទីក្រុងម៉ូស្គូ និងក្រុងវ៉ាស៊ីនតោន ស្តីពីការបន្តអធិការកិច្ចក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ ហៅថា New START នឹងត្រូវធ្វើឡើងនៅក្នុងខែវិច្ឆិកា ក្នុងប្រទេសអេហ្ស៊ីប ប៉ុន្តែរុស្ស៊ី បានពន្យារពេលពួកគេ ហើយភាគីទាំង២មិនបានកំណត់កាលបរិច្ឆេទថ្មីសម្រាប់កិច្ចប្រជុំនោះទេ ។
លោក Sergei Ryabkov អនុរដ្ឋមន្ត្រីការបរទេសបានថ្លែងថា លក្ខខណ្ឌមិនសមនឹងកិច្ចពិភាក្សាថ្មីស្តីពីសន្ធិសញ្ញា ដែលកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ភាគីនីមួយៗ ។
លោក Ryabkov ត្រូវបានដកស្រង់ដោយសារព័ត៌មាន Interfax បានលើកឡើងថា “ស្ថានភាពនេះមិនអនុញ្ញាតឱ្យកំណត់កាលបរិច្ឆេទថ្មីនោះទេ … ដោយគិតគូរពីនិន្នាការកើនឡើងនេះទាំងវោហាសាស្ត្រ និងសកម្មភាពដោយសហរដ្ឋអាមេរិក” ។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កាន់តែមានភាពតានតឹងកាលពីឆ្នាំមុន នៅគ្រាដែលរុស្ស៊ី បានលុកលុយអ៊ុយក្រែន ដែលជំរុញឱ្យក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនឆ្លើយតបជាមួយនឹងការរារាំងនៃទណ្ឌកម្មប្រឆាំងនឹងសេដ្ឋកិច្ចរបស់រុស្ស៊ី ៕
ដោយ៖ ម៉ៅ បុប្ផាមករា