ភ្នំពេញ ៖ ដោយមានការឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន តាម រយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន (JICA) បានរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកបោស សម្អាតមីននៃអង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នរបស់អ៊ុយក្រែន រយៈពេល៥ថ្ងៃ លើទឹកដីខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ដែលរៀបចំដោយ CMAC។
វគ្គបណ្តុះបណ្តាល មានប្រធានបទទាក់ទងនឹងបច្ចេកវិទ្យាឧបករណ៍ទំនើបសម្រាប់បោសសំអាតមីនរបស់ជប៉ុន ក៏ដូចជា ការចែករំលែកចំណេះដឹងដ៏សម្បូរបែបរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ទាក់ទងនឹងការដោះមីន ។
គួរបញ្ជាក់ថា ពិធីបិទវគ្គបណ្តុះបណ្តាល ដល់មន្ត្រីវិស័យដោះមីនអ៊ុយក្រែននេះ ត្រូវបានប្រារព្ធធ្វើ ឡើងនៅសណ្ឋាគារ បូរីអង្គរក្នុង ខេត្តសៀមរាប ក្រោមអធិបតីភាព លោក អ៊ូច បូរិទ្ធ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកអ៊ីឈីតូម៉ូ តានីណៃ ភារៈធារីឯកអគ្គរដ្ឋទូត ស្តីទីប្រទេសជប៉ុនប្រចាំកម្ពុជា លោកស្រីកាត្ស៊ូរ៉ា មីយ៉ាហ្ស៉ាគី អនុប្រធានជាន់ខ្ពស់របស់ JICA និងលោក ហេង រតនា ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកជាអគ្គនាយក CMAC។
សូមបញ្ជាក់ថា ដោយសារអ៊ុយក្រែនរងការបំពានធ្វើសង្គ្រាមពីសំណាក់រុស្ស៊ីដែលជាប្រទេសជិតខាងអស់ជិត២ឆ្នាំមកនោះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជ រដ្ឋាភិបាលកម្ពុជា បានជួយអ៊ុយក្រែនលើការបណ្តុះបណ្តាល ផ្នែកដោះមីនដោយ មានការជួយជ្រោមជ្រែងពីមិត្តជប៉ុន ជៀសវាងការមិនបញ្ជូនអាវុធ ឬទាហ៊ានទៅតបទល់ជាមួយរុស្ស៊ីឡើយ៕