ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ បានប្រកាសច្រាន ចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់គណនីតេឡេក្រាមឈ្មោះ «Demografiya upala» ដែលថា កម្ពុជាបានផ្ដល់ជំនួយយោធា សម្រាប់អ៊ុយក្រែន ។ នេះបើតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៤ មករា ។
សេចក្តីថ្លែងការណ៍ដដែលក៏បានជំរុញឱ្យបណ្តាញ Telegramឈ្មោះ “Demografiya upala” កែតម្រូវការចុះផ្សាយមិនត្រឹមត្រូវនេះ ព្រោះបានធ្វើឲ្យប៉ះពាល់ដល់កម្ពុជា ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ គោលនយោបាយការបរទេស អព្យាក្រឹតភាពដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ។
ការចេញផ្សាយរបស់គណនីតេឡេក្រាមខាងលើនេះ ក៏ស្របពេលកម្ពុជាផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបោសសម្អាតមីន ដល់អ្នកដោះមីនអ៊ុយក្រែន ក្រោមកិច្ចសការជាមួយជប៉ុនរយៈពេល៥ថ្ងៃ ហើយទើបបញ្ចប់នាថ្ងៃ២០ មករា។
ចំពោះករណីនេះ សេចក្តីថ្លែងការណ៍ក្រសួងការបរទេសបញ្ជាក់ថា ការសម្រេចចិត្តផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបោសសម្អាតមីនដល់អ្នក ដោះមីនអ៊ុយក្រែននៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA គឺធ្វើឡើងដោយផ្អែកលើគោលការណ៍មនុស្សធម៌សុទ្ធសាធ ដូចគ្នាទៅនឹងបេសកកម្មរក្សាសន្តិភាពនានារបស់កម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅអាហ្វ្រិក និងមជ្ឈិមបូព៌ាដូច្នោះដែរ ៕