ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងរៀបចំការសាកល្បង ​ម៉ាស៊ីន​នុយក្លេអ៊ែរ សម្រាប់​បេសកកម្ម ​នៅ​ភពអង្គារ ​នា​ពេល​អនាគត

វ៉ាស៊ីនតោន ៖ អង្គការ NASA និងទីភ្នាក់ងារគម្រោងស្រាវជ្រាវ កម្រិតខ្ពស់ការពារជាតិអាមេរិក (DARPA) បានប្រកាសកាលពីថ្ងៃអង្គារថា កិច្ចសហការ ដើម្បីបង្ហាញម៉ាស៊ីនរ៉ុក្កែតកម្ដៅ នុយក្លេអ៊ែរនៅក្នុងលំហ ដែលជាជំហានសំខាន់ៗ សម្រាប់ការបញ្ជូនយានអវកាសដំបូង ទៅកាន់ភពព្រះអង្គារ។

ទាំងអង្គការ NASA និង DARPA នឹងសហការគ្នាលើកម្មវិធី Demonstration Rocket for Agile Cislunar Operations (DRACO) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ការប្រើប្រាស់រ៉ុក្កែត កម្ដៅនុយក្លេអ៊ែរ អនុញ្ញាតឱ្យមានពេលវេលាធ្វើដំណើរលឿនជាងមុន កាត់បន្ថយហានិភ័យ សម្រាប់អវកាសយានិក នេះបើយោងតាមអង្គការ ណាសា។

ការកាត់បន្ថយពេលវេលាឆ្លងកាត់ គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់បេសកកម្ម របស់មនុស្សទៅកាន់ភពព្រះអង្គារ ដោយសារការធ្វើដំណើរ កាន់តែយូរត្រូវការការផ្គត់ផ្គង់កាន់តែច្រើន និងប្រព័ន្ធរឹងមាំជាងមុន ។

លោក Bill Nelson អ្នកគ្រប់គ្រង របស់ NASA បានឲ្យដឹងថា “NASA នឹងធ្វើការជាមួយដៃគូរយៈពេលវែងរបស់យើង គឺ DARPA ដើម្បីបង្កើត និងបង្ហាញពីបច្ចេកវិទ្យាជំរុញ ថាមពលនុយក្លេអ៊ែរកម្រិតខ្ពស់ឱ្យបានឆាប់នៅឆ្នាំ២០២៧។ ដោយមានជំនួយពីបច្ចេកវិទ្យាថ្មីនេះ អវកាសយានិក អាចធ្វើដំណើរទៅ និងមកពីទីអវកាសលឿនជាងពេលណាទាំងអស់ – សមត្ថភាពដ៏សំខាន់ ដើម្បីរៀបចំ សម្រាប់បេសកកម្មនាវិក ទៅកាន់ភពព្រះអង្គារ”៕

To Top