បរទេស៖ នាយករដ្ឋមន្ត្រីថៃ គឺលោក ប្រាយុទ្ធ ចាន់ អូចា កាលពីថ្ងៃពុធ បានប្រតិកម្មយ៉ាងខឹងសម្បារ ចំពោះសំណួរអំពីអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។
យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ថាក់ស៊ីន បាននិយាយថា លោកជឿថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ នឹងបញ្ជៀសការរំលាយសភា នៅពេលនេះ ខណៈដែលគណបក្ស United Thai Nation (UTN) របស់លោក នៅតែមិនទាន់រួចរាល់ សម្រាប់ការបោះឆ្នោតសកលខាងមុខ។
ទំនងជាមានការរំខានរួចទៅហើយ ដោយសំណួរពីមុនមួយចំនួន អំពីប្រធានបទជាច្រើន ពីសេចក្តីព្រាងថវិកាថ្មី ដល់សំណួរធម្មតា អំពីពេលដែលលោកគ្រោងនឹងរំលាយសភា សម្រាប់ការបោះឆ្នោតលើកក្រោយ ឧត្តមសេនីយ៍ ប្រាយុទ្ធ ស្រាប់តែដើរចេញពីវេទិកា នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ លើការសង្កេតរបស់លោកថាក់ស៊ីន។
ឧត្តមសេនីយ ប្រាយុទ្ធ បាននិយាយពេលគាត់ដើរចេញពីវេទិកា ហើយដើរសំដៅទៅឡានរង់ចាំមួយថា “កុំនិយាយអំពីបុរសនោះ។ ខ្ញុំមិនចូលចិត្តទេ” ។ លោកបានថ្លែង បន្ទាប់ពីបានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំរបស់គណៈកម្មការនគរបាល នៅទីស្នាក់ការប៉ូលិសភូមិន្ទថៃ៕ ប្រែសម្រួលៈ ណៃ តុលា