ព័ត៌មានអន្តរជាតិ

តួកគី ថ្កោលទោសការវាយឆ្មក់ របស់អ៊ីស្រាអែល នៅតំបន់ West Bank សម្លាប់ពលរដ្ឋប៉ាឡេស្ទីន ៩នាក់

អង់ការ៉ា៖ តួកគី បានថ្កោលទោសការវាយឆ្មក់ របស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ៩នាក់នៅតំបន់ West Bank នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ក្រសួងការបរទេសតួកគី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងអង់ការ៉ា “ថ្កោលទោសយ៉ាងខ្លាំង” ចំពោះការវាយឆ្មក់ដែលបាន ឆក់យកជីវិតជនស៊ីវិលនៅតំបន់ West Bank និង “មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃភាពតានតឹង និងការបាត់បង់ជីវិតស្ទើរតែរាល់ថ្ងៃ” ។

រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានលើកឡើងថា “ភាគីអ៊ីស្រាអែលបាននិយាយថា វាគឺជាប្រតិបត្តិការប្រឆាំងភេរវកម្ម ប៉ុន្តែក៏មានស្ត្រីចំណាស់ម្នាក់ ក្នុងចំណោមអ្នកស្លាប់ផងដែរ” ។

លោកបានបន្ថែមថា រដ្ឋាភិបាលអ៊ីស្រាអែលថ្មី “បាននិងកំពុងបន្តការបង្កហេតុផ្សេងៗ ចាប់តាំងពីចូលកាន់តំណែង” ដោយបានជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល “ជៀសវាងការវាយប្រហារ និងការបង្កហេតុបែបនេះ” ។

លោករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយនឹងដំណើរទស្សនកិច្ច ទៅកាន់ឧបនាយករដ្ឋមន្ត្រីទីមួយ នៃប្រទេសស៊ែប៊ី និងជារដ្ឋមន្ត្រីការបរទេស Ivica Dacic។

អំពើហឹង្សាបានកើតឡើង នៅក្នុងជំរុំជនភៀសខ្លួនក្នុងទីក្រុង West Bank នៃទីក្រុង Jenin ដែលជាទីប្រជុំជនដ៏រឹងមាំមួយ សម្រាប់ពួកសកម្មប្រយុទ្ធ និងជាគោលដៅសម្រាប់ការ វាយឆ្មក់របស់អ៊ីស្រាអែលជាញឹកញាប់ អស់រយៈពេលជិតមួយឆ្នាំ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top