បរទេស៖ ប្រទេសជប៉ុនកាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសក្នុងការបង្កើន ចំនួនទណ្ឌកម្មប្រឆាំងទៅនឹង ប្រទេសរុស្សីបន្ថែមទៀត ដែលក្នុងនោះមានទាំងបម្រាមនាំចេញ បច្ចេកវិទ្យានិងការបង្កកទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធរបស់មន្ត្រីរដ្ឋាភិបាលរុស្សីផង និងក្រុមអ្នកជំនួញរបស់រុស្សីផង។
ការប្រកាសបង្កើនទណ្ឌកម្មថ្មី លើកនេះគឺធ្វើឡើង ដោយផ្តោតគោលដៅទៅលើបណ្តា ក្រុមបុគ្គលជនជាតិរុស្សីចំនួន ៣៦រូបនិងក្រុមហ៊ុន និងអង្គភាពរុស្សីចំនួន៥២ផ្សេងទៀត ហើយផលិតផលដែលបានហាមឃាត់ទាំងនោះ ត្រូវបានគេជឿជាក់ថារុស្សី តែងតែយកទៅប្រើប្រាស់ក្នុងការ ពង្រឹងសមត្ថភាពយោធារបស់ខ្លួន។
កន្លងមកជប៉ុនក៏ធ្លាប់ចេញ បម្រាមនាំចេញផលិតផលបច្ចេកវិទ្យារបស់ខ្លួន ទៅកាន់ប្រទេសរុស្សីផងដែរ ប៉ុន្តែលើកនេះគឺធ្វើឡើងទៅដោយ ទាំងផលិតផលបច្ចេកវិទ្យាផង ផលិតផលបច្ចេកវិទ្យាបន្ទះឈីបផង គ្រឿងបន្លាស់សម្រាប់រ៉ូបូតផងម៉ាស៊ីន ផលិតថាមពលផង និងបច្ចេកវិទ្យាគ្រឿងផ្ទុះជាច្រើនមុខទៀត។
ក្នុងនោះផងដែរជប៉ុននឹង ធ្វើការបង្កកទ្រព្យសម្បត្តិរបស់បុគ្គលជនជាតិរុស្សីចំនួន ២២នាក់ ដែលរួមមានទាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងបុគ្គល៣រូបទៀត នៅក្នុងវិស័យផលិតយន្តហោះផលិតមីស៊ីល របស់រុស្សីហើយការអនុវត្តនឹង ត្រូវចាប់ផ្តើមធ្វើឡើងពីថ្ងៃទី៣ខែកុម្ភៈ ៕
ប្រែសម្រួល៖ ស៊ុន លី