ព័ត៌មានជាតិ

ក្រសួងការបរទេសខ្មែរ ច្រានចោលការផ្សាយរបស់ វិទ្យុបរទេសមួយដែលនាំ ឲ្យមានការភាន់ច្រឡំ និងបំភ្លៃទាំងស្រុង នូវការងារដ៏សំខាន់របស់ទូតកម្ពុជា នៅបរទេស

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានសម្ដែងការខកចិត្ត និងច្រានចោលអត្ថបទ ដែលបង្កឱ្យមានការភាន់ច្រឡំ របស់វិទ្យុបរទេសមួយផ្សាយជាខេមរភាសា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដែលផ្សាយផ្អែកទាំងស្រុង លើប្រភពព័ត៌មានមិនបានផ្ទៀងផ្ទាត់ ក្នុងគោលបំណងបំភ្លៃទាំងស្រុង នូវការងារដ៏សំខាន់របស់ស្ថានទូតកម្ពុជា នៅបរទេស ។

នេះបើយោងតាមសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ។

តាមរយៈសេចក្ដីថ្លែងការណ៍នេះដែរ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើង ២ចំណុចជុំវិញការផ្សាយរបស់វិទ្យុបរទេស ដែលមានខ្លឹមសារដូចខាងក្រោម៖

ទី១.ការផ្សព្វផ្សាយថា ស្ថានតំណាងកម្ពុជា ធ្វើការដោយមាននិន្នាការនយោបាយ និងមិនមានការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កម្មករ គឺធ្វើឡើងដោយគ្មានមូលដ្ឋាន មានភាពលម្អៀង និងមានការរើសអើង។ ការពិតគឺ គ្រប់ស្ថានតំណាងកម្ពុជាទាំងអស់ខិតខំបំពេញការងារ ដោយមិនខ្លាចនឿយហត់ ក្នុងការជួយគាំពារ និងជួយឧបត្ថម្ភពលរដ្ឋកម្ពុជានៅក្រៅប្រទេស ដោយអនុលោមតាមច្បាប់ និងមិនគិតពីនិន្នាការនយោបាយទេ។

ក្នុងស្ថានភាពរីករាលដាលធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ-១៩ក្នុងឆ្នាំ២០២០ ស្ថានតំណាងកម្ពុជា នៅបរទេស បានសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរប្រមាណ ២.៩០០ នាក់ និងបានផ្តល់ដោយគ្មានការរើសអើង នូវជំនួយរដ្ឋបាល កុងស៊ុល និងសម្ភារៈជូនពលករនិងនិស្សិតខ្មែរសរុប ជាង ២៦.០០០ នាក់ នៅតាមប្រទេសផ្សេងៗជាច្រើន ។

វិទ្យុខាងលើហាក់ភ្លេចនូវសេចក្តីរាយការណ៍ក្នុងឆ្នាំ២០១៩របស់ខ្លួន ដែលថ្លែងថា ពលករខ្មែរម្នាក់បានទទួលឯកសារកុងស៊ុលពីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅវេលាម៉ោង ១០ យប់។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានសម្របសម្រួលជាមួយមន្ទីរពេទ្យនានា ធ្វើការលើកលែងអនុគ្រោះថ្លៃព្យាបាលជំងឺ ក្រោមហេតុផលមនុស្សធម៌ ជូនដល់អ្នកជំងឺខ្មែរ ដែលគ្មានលទ្ធភាពបង់ប្រាក់ បានចំនួន ២៣ ករណី។ នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ ដែលបានជ្រើសរើសចេញពីស្ថានទូតកម្ពុជាមួយ ក្នុងចំណោមស្ថានតំណាងកម្ពុជានៅបរទេស​ ប៉ុណ្ណោះ។

ទី​២.ការ​ចោទ​ប្រកាន់ថាមន្ត្រី​ស្ថានទូតមួយចំនួន បានជំរិត​ទារ​ប្រាក់​ពីការផ្ដល់សេវា​កុងស៊ុល​ ​គឺធ្វើឡើង​ដោយគ្មានមូលដ្ឋានប្រាកដ។ ការពិតគឺ តាមការណែនាំដ៏ម៉ឺងម៉ាត់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គ្រប់ស្ថានតំណាងកម្ពុជាទាំងអស់ បានលុបបំបាត់ការឆ្លៀតឱកាស ផ្តល់សេវារបស់ភាគីទីបី លើកទឹកចិត្តដល់ពលករឱ្យដាក់សំណើដោយផ្ទាល់ និងពន្លឿនការផ្តល់សេវា។ ជាក់ស្ដែង ស្ថានទូត​កម្ពុជា​នៅទីក្រុង​បាងកក​ បាន​ចេញ​ឯកសារ​កុងស៊ុល​នៅ​ថ្ងៃ​ដដែល បន្ទាប់​ពី​ទទួល​បានឯកសារសំណើ។

អ្នកនាំពាក្យបានបញ្ជាក់ថា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុខាងលើ គួរធ្វើការដោយផ្អែកលើអង្គហេតុពិត និងស្ថិតិគ្រប់គ្រាន់ មិនមែនផ្អែកលើពាក្យចចាមអារ៉ាម និងព័ត៌មានបំភាន់ទេ ប្រសិនបើមានបំណងអះអាងថា ខ្លួនធ្វើការប្រកបដោយវិជ្ជាជីវៈ ៕

To Top