វ៉ាស៊ីនតោន ៖ យោងតាមទិន្នន័យចេញ ផ្សាយដោយក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ការលក់អាវុធបរទេស របស់សហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំង ក្នុងឆ្នាំសារពើពន្ធ២០២២ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយក្រសួងការបរទេស ដែលសន្មតថា ការកើនឡើងនេះភាគច្រើន ជាការគាំទ្រផ្នែកយោធា របស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេលជម្លោះ ចុងក្រោយជាមួយរុស្ស៊ី។
តម្លៃសរុបនៃការលក់យោធា បរទេសពីរដ្ឋាភិបាលទៅរដ្ឋាភិបាល ដែលមានការអនុញ្ញាត ពីក្រសួងការបរទេសមានចំនួន ៥១,៩ពាន់លានដុល្លារ អាមេរិកក្នុងឆ្នាំសារពើពន្ធ ២០២២ ដែលជារយៈពេល ១២ខែ ដែលបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ កើនឡើង ៤៩,១ ភាគរយពីឆ្នាំសារពើពន្ធ ៣៤,៨ ពាន់លានដុល្លារ ។
អ្វីដែលហៅថា ការលក់ពាណិជ្ជកម្មផ្ទាល់ ឬការលក់សព្វាវុធ និងបរិក្ខារយោធាទៅឲ្យរដ្ឋាភិបាលបរទេសដោយអ្នកម៉ៅការការពារជាតិអាមេរិក ក៏បានកើនឡើងក្នុងសារពើពន្ធឆ្នាំ ២០២២ ដោយកើនឡើង ៤៨,៦ ភាគរយដល់ ១៥៣,៧ ពាន់លានដុល្លារ បើធៀបនឹង ១០៣,៤ ពាន់លានដុល្លារក្នុងសារពើពន្ធឆ្នាំ២០២១។
នៅចុងបញ្ចប់នៃសារពើពន្ធ ២០២២ អង្គភាពចំនួន ១៤៤៤៥ ត្រូវបានចុះបញ្ជីជាមួយនាយកដ្ឋាន ត្រួតពិនិត្យពាណិជ្ជកម្មការពារជាតិ ដើម្បីធ្វើសកម្មភាព ពាណិជ្ជកម្មការពារជាតិ ដែលជាការកើនឡើង បន្តិចបន្តួច ពីសារពើពន្ធឆ្នាំ២០២១ នាយកដ្ឋានបានឲ្យដឹង នៅក្នុងសេចក្តីប្រកាស ព័ត៌មានចុះកាលបរិច្ឆេទ កាលពីថ្ងៃពុធ ។
ក្រសួងការបរទេស បានសន្មតថាការកើនឡើងនេះ ជាការបន្តផ្តល់ជំនួយយោធា របស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែន ចំពេលមានជម្លោះ ដែលកំពុងបន្តរវាងអ៊ុយក្រែន និងរុស្ស៊ី ខណៈ ដែលអះអាងថា “ការផ្ទេរអាវុធ និងពាណិជ្ជកម្មការពារជាតិ គឺជាឧបករណ៍សំខាន់ នៃគោលនយោបាយការ បរទេសរបស់សហរដ្ឋអាមេរិក”។
យោងតាមការអាប់ដេត ចុងក្រោយ របស់ក្រសួងការពារជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ សហរដ្ឋអាមេរិកមានជំនួយសន្តិសុខច្រើនជាង ២៧,១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ចាប់តាំងពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
លេខលក់អាវុធឆ្នាំ២០២២ គឺជាកិច្ចព្រមព្រៀង ដ៏មានសក្តានុពល ដែលក្រសួងការបរទេសបាន ជូនដំណឹងដល់សភា មិនមែនជាការលក់ចុងក្រោយទេ មានន័យថា ប្រតិបត្តិការមួយចំនួនអាច ត្រូវបានបដិសេធដោយសភា ដូច្នេះបង្ខំឱ្យរដ្ឋបាលចូលរួម ក្នុងការចរចាបន្ថែមទៀត៕
ប្រែសម្រួល ឈូក បូរ៉ា