ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រើប្រព័ន្ធមីស៊ីល HIMARS ផលិតដោយអាមេរិក វាយប្រហារផ្លូវរថភ្លើង សម្លាប់ជនស៊ីវិល ៤នាក់ នៅតំបន់ Zaporozhye នៃប្រទេសរុស្ស៊ី

បរទេស៖ អភិបាលស្តីទី លោក Evgeny Balitsky បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោង លើស្ពានផ្លូវដែកមួយនៅជិតទីក្រុង Melitopol ក្នុងតំបន់ Zaporozhye នៃប្រទេសរុស្ស៊ី។ លោកបានបន្ថែមថា គ្រាប់មីស៊ីលប្រភេទ HIMARS ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនេះ ដែលបានសម្លាប់ជនស៊ីវិល ៤នាក់ និងរបួស ៥នាក់ផ្សេងទៀត ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដោយផ្អែកតាមការកត់សម្គាល់របស់ Balitsky នៅក្នុងប៉ុស្តិ៍ Telegram ថា នៅពេលនៃការវាយប្រហារកើតឡើង អំឡុងនៃការជួសជុលកំពុង ត្រូវបានអនុវត្តនៅលើស្ពាន។ មន្ត្រីដដែលបានបញ្ជាក់ថា មនុស្សទាំងអស់ដែលបានស្លាប់ និងរបួស ក្នុងការវាយប្រហារដោយគ្រាប់មីស៊ីល គឺជាអ្នកបច្ចេកទេសផ្នែកសេវាកម្ម ដែលពាក់ព័ន្ធនឹងការជួសជុលនោះ។

លោក Balitsky បានបន្តថា “អាជ្ញាធរក្រុងគៀវបានកំណត់គោលដៅ ដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយប្រព្រឹត្តបទឧក្រិដ្ឋមួយផ្សេងទៀត ប្រឆាំងនឹងជនស៊ីវិល” ហើយថា អ្នកដែលបានរងរបួសទាំងអស់ កំពុងទទួលបានជំនួយផ្នែកវេជ្ជសាស្រ្តចាំបាច់។

សូមជម្រាបថា ការវាយប្រហារនេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីទាហានអ៊ុយក្រែន បានវាយប្រហារដោយមីស៊ីល ទៅលើមន្ទីរពេទ្យជនស៊ីវិលមួយកន្លែង ក្នុងសាធារណរដ្ឋប្រជាមានិត Lugansk ។ ការវាយប្រហារនេះគឺប្រើប្រាស់ មីស៊ីល HIMARS បានសម្លាប់មនុស្ស១៤នាក់ និងរបួស២៤នាក់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top