ព័ត៌មានជាតិ

រដ្ឋមន្ដ្រីទេសចរណ៍ ​ណែនាំ​អាជ្ញាធរ ពង្រឹងការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកនារី បម្រើការងារ កន្លែងកម្សាន្ដ

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានណែនាំ​ឱ្យអភិបាល រាជធានី-ខេត្ត ត្រូវពង្រឹងការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកនារី បម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតាមអាជីវកម្មក្លឹបកម្សាន្ដខារ៉ាអូខេ រង្គសាល-ឌឺស្ដូតែក និងបៀរហ្កាឌិន។

ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី ក្រោយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រង បុគ្គលិកនារី បម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតាមអាជីវកម្មក្លឹបកម្សាន្តខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន។

យោងតាមលិខិត របស់ ក្រសួងទេសចរណ៍ នាថ្ងៃទី៣០ មករា លោក ថោង ខុន បានថ្លែងបញ្ជាក់ថា «ក្រសួងទេសចរណ៍ សូមធ្វើការណែនាំ ដល់រដ្ឋបាលរាជធានី-ខេត្ត ពង្រឹងយន្តការគ្រប់គ្រងអាជីវកម្ម ដោយជំរុញការស្នើសុំអាជ្ញាបណ្ណទេសចរណ៍សម្រាប់អាជីវកម្ម ខារ៉ាអូខេ រង្គសាល-ឌីស្កូតក និងបៀរហ្កាឌិន ទាំងអស់ ត្រូវមានអាជ្ញាបណ្ណទេសចរណ៍»។

លោក បន្ដថា រដ្ឋបាលរាជធានី-ខេត្ត បន្តអនុវត្តប្រកាស របស់ក្រសួងទេសចរណ៍ ស្តីពីការផ្តល់អាជ្ញាបណ្ណ ទេសចរណ៍សម្រាប់អាជីវកម្មខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន ដោយបន្ថែមលក្ខខណ្ឌក្នុង ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មី និងបន្តដោយតម្រូវឱ្យមានភ្ជាប់បញ្ជីឈ្មោះ និងទិន្នន័យជាក់លាក់របស់បុគ្កលិក ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង បុគ្គលិកនារីបម្រើការ សេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី បានណែនាំបន្ថែមដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវពង្រឹងយន្តការគ្រប់គ្រង អាជ្ញាបណ្ណទេសចរណ៍ ដោយបញ្ជូលប្រព័ន្ធទិន្នន័យ QR Code ក្នុងសន្លឹក អាជ្ញាបណ្ណ ដែលផ្តល់ដោយរដ្ឋបាល ថ្នាក់ក្រោមជាតិ ដោយប្រើប្រាស់ប្រព័ន្ធវេបសាយ Websit (www.cambodiatourismindustry.org)
លោក បញ្ជាក់ទៀតថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវជំរុញការស្នើសុំស្ដង់ដារ ចំណាត់ថ្នាក់មណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ដើម្បីធានាបាននូវ គុណភាពសេវាកម្ម សន្តិសុខ សុវត្ថិភាពភ្ញៀវ និងការរៀបចំលក្ខណៈបច្ចេកទេស របស់អាជីវកម្មក្នុងការ បង្ការហានិភ័យផ្សេងៗ៕

To Top