ព័ត៌មានអន្តរជាតិ

ក្នុងនាមជាប្រធាន អាស៊ានឆ្នាំ២០២៣ ឥណ្ឌូនេស៊ី ជំរុញឱ្យមាន កិច្ចសហប្រតិបត្តិការ ជាក់ស្តែងបន្ថែមទៀត

ហ្សាកាតា ៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Retno Marsudi បានឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៣ ឥណ្ឌូនេស៊ី មានគោលបំណងជំរុញ ឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែង និងរួមបញ្ចូលក្នុងចំណោម ប្រទេសនៅក្នុងតំបន់ ។

លោក Marsudi បានឲ្យដឹងថា “យើងចង់បង្ហាញពិភពលោកថា អាស៊ានមានភាពពាក់ព័ន្ធ និងមានសារៈសំខាន់សម្រាប់គ្រប់តំបន់ និងប្រទេសនានាទូទាំងពិភពលោក ។ លើសពីនេះ យើងគួរតែមានទំនុកចិត្ត ព្រោះសេដ្ឋកិច្ច នៅអាស៊ីអាគ្នេយ៍ នឹងនៅតែមានស្ថិរភាព និងរីកចម្រើនលឿន ជាងសេដ្ឋកិច្ចពិភពលោក” លោក Marsudi បានលើកឡើងថា នៅក្នុងសវនាការជាមួយសភា របស់ប្រទេសក្នុងទីក្រុង ហ្សាកាតាកាលពីថ្ងៃចន្ទ។

លោក Marsudi បានលើកឡើងថា ក្នុងអំឡុងពេលធ្វើជាប្រធាន អាស៊ានរបស់ខ្លួន ប្រទេសឥណ្ឌូនេស៊ី នឹងរៀបចំព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយដែល នឹងពិភាក្សាអំពីសេដ្ឋកិច្ចច្នៃប្រឌិត សេដ្ឋកិច្ចឌីជីថល សម្រាប់គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាអាជីវកម្ម និងការវិនិយោគរួមបញ្ចូលផងដែរ ។

លោក Marsudi បានបន្ដថា “យើងចង់ឱ្យអាស៊ានប្រកាន់យកគោលការណ៍ នៃសមាហរណកម្មនៃការអភិវឌ្ឍន៍ ដើម្បីកុំឱ្យប្រទេសណាមួយមានអារម្មណ៍ថា ត្រូវបានដកចេញ ឬទុកចោលនោះទេ ពីព្រោះអសន្តិសុខបែបនេះអាចបង្កឱ្យមាន ឬរក្សាការប្រជែងគ្នាក្នុងចំណោម ប្រទេសនៅក្នុងតំបន់”។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ នូវតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២៣ របស់ប្រទេសនេះ ដោយមានប្រធានបទ “បញ្ហាអាស៊ាន៖ ចំណុចកណ្តាលនៃកំណើន”។

លោក Widodo បានស្នើថា ប្រទេសឥណ្ឌូនេស៊ី ដែលជាសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ គួរតែជំរុញគំនិតផ្តួចផ្តើម និងជំហានជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាសំខាន់ៗក្នុងតំបន់ និងដឹកនាំប្រទេសជាសមាជិក ដើម្បីរួមចំណែកដល់ពិភពលោក ចំពេលមានស្ថានភាព ប្រឈមនាពេលបច្ចុប្បន្ន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top