នយោបាយ

លោក សុខ ឥសាន៖ បក្សកាន់អំណាច គ្មានខ្លាចនិងស្លន់ស្លោជាមួយបក្សភ្លើងទៀន ក្រោយ រ៉ុង ឈុន ចូលរួម

ភ្នំពេញ៖ ទោះបីជាគណបក្សភ្លើងទៀន មានការកម្លាំងប្រមូលផ្តុំទៅដោយ អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ និងមេអង្គការ សហជីពចូលរួមក្នុងជីវភាព នយោបាយជាមួយយ៉ាងណាក៏ដោយ ក៏លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សកាន់អំណាច គ្មានការភ័យខ្លាច ព្រួយបារម្ភ ឬស្លន់ស្លោជាមួយដែរ។ ការមិនខ្លាច ឬព្រួយបារម្ភនេះរបស់លោក សុខ ឥសាននេះ ដោយសារអ្នកទៅចូលរួមជាបក្សប្រឆាំងនេះ សុទ្ធតែពួកប្រឆាំង ដូច្នេះ គ្មានលទ្ធភាពឈ្នះបក្សកាន់អំណាចឡើយ។

មួយរយៈពេលចុងក្រោយនេះ គណបក្សភ្លើងទៀន ដែលមានប្រភពយូរមកហើយ ហើយទើបងើបឡើងវិញ មុនការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមកនេះ ដោយសារតែប្រមូលផ្តុំទៅដោយ អតីតមន្រ្តីបក្សប្រឆាំងជាអ្នកមុខនោះ ឃើញថា មានមេសហជីពដូចជា លោក ជា មុន្នី លោក រ៉ុង ឈុន សុទ្ធសឹងជាអ្នកការពារសិទ្ធិកម្មករ បានដាក់លិខិតចូលរួមក្នុង ជីវភាពនយោបាយជាមួយ។

ភ្លាមៗក្រោយដាក់លិខិតចូលរួម ក្នុងជីវភាពនយោបាយជាមួយបក្សភ្លើងទៀន នាថ្ងៃ៣១ មករា លោក រ៉ុង ឈុនប្រធានសហភាពសហជីពកម្ពុជា ដែលបានជាប់ក្តីក្តាំនៅតុលាការ ក៏បានធ្វើសន្និសីទសារព័ត៌មានមួយ បង្ហាញគោលជំហរក្នុងការចូលមក ប្រឡូកឆាកនយោបាយថា បក្សភ្លើងទៀតនឹងឈ្នះការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ព្រោះកម្មករ គ្រូបង្រៀនដែលរងចាំឲ្យ គណបក្សសង្រ្គោះជាតិរស់ឡើងវិញ នឹងងាកមកបក្សភ្លើងទៀនវិញ។

សម្រាប់ការថ្លែងក្តែងៗពីសំណាក់លោក រ៉ុង ឈុន ដែលជាអតីតមន្រ្តីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតដែរនោះ ត្រូវបានលោក សុខ ឥសាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១ កុម្ភៈថា លោក រ៉ុង ឈុន និងលោក ជា មុន្នីពួកគាត់មាននិន្នាការ គាំទ្របក្សប្រឆាំងរួចហើយ ទោះពួកគាត់ដើរតួជាអង្គការសង្គមស៊ីវិល និងជាសហជីព អីចឹងពួកគាត់ទៅរួមរស់ជាមួយបក្សប្រឆាំងនេះ គ្មានអ្វីចំឡែកទេ ។
ទាក់ទងទៅនឹងគណបក្សភ្លើងទៀន សម្រាប់ការចូលរួមបោះឆ្នោត ថ្នាក់ជាតិខាងមុខនេះ ឃើញថា បក្សនេះ ហាក់មានការគាំទ្រច្រើនពី ពលរដ្ឋក្រោយមានអតីតមន្រ្តីជាន់ខ្ពស់ របស់គណបក្សសង្រ្គោះជាតិបានចូលរួម ជាពិសេសខាងមន្រ្តីអង្គការ សហជីពក៏បានចូលដែរ តើការចូលរបស់ពួកគាត់នេះ អាចទាញសន្លឹកឆ្នោតពីបក្សកាន់អំណាចបានទេ? ។ ចំណុចនេះ ត្រូវបានលោក សុខ ឥសាន តបថា គ្មានភ័យនោះទេ ព្រោះដូចដឹងស្រាប់ហើយ រាល់ការបោះឆ្នោតកន្លងមកគឺ គណបក្សប្រជាជនកម្ពុជាវ៉ាដាច់ជានិច្ច ។

លោកថា ជាក់ស្តែងសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់កន្លងមក បក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី ជិត៨០ភាគរយ ដោយសារកម្លាំងនៅមូលដ្ឋានច្រើន ហើយក្នុងនាមជាបក្សដឹកនាំ រាជរដ្ឋាភិបាលត្រូវខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសថែមទៀតការគាំទ្រ ពិតជាកើនឡើង ខណៈបក្សភ្លើងទៀតបានតែសំឡេងគាំទ្រ ១៨ភាគរយ ហើយបក្សនេះក៏ទទួលស្គាល់លទ្ធផលដែរ ដូច្នេះពួកគាត់គ្មានលទ្ធភាពអ្វីឲ្យ លើសពីហ្នឹងសម្រាប់ឈ្នះបក្សកាន់អំណាចទេ។

អ្នកនាំពាក្យកាន់អំណាចគូសបញ្ជាក់ថា “ចឹងខ្ញុំយល់ថា កុំនិយាយពីរឿងព្រួយបារម្ភ ពីរឿងខ្លាចអី ឬមួយក៏ស្លន់ស្លោអីជាមួយ (គណបក្សភ្លើងទៀន) បក្សប្រឆាំងអត់មានទេ ព្រោះបោះឆ្នោតជាង ១០លើកមកហើយ គណបក្សប្រជាជនកម្ពុជា មិនដែលភ័យព្រួយចំពោះកម្លាំង នយោបាយរបស់ក្រុមប្រឆាំងទេ” ។

សម្រាប់ការត្រៀមធ្វើសមាជ របស់គណបក្សភ្លើងទៀន ដើម្បីត្រៀមយុទ្ធសាស្រ្ត និងកម្លាំងបោះឆ្នោតនោះ លោក សុខ ឥសាន ថា ជារឿងធម្មតា ព្រោះបក្សនីមួយៗឲ្យតែជិតបោះឆ្នោត តែងតែងរៀបចំយុទ្ធសាស្រ្ត ដូចគណបក្សកាន់អំណាចដែរ ដែលទើបតែបញ្ចប់មហាសមាជ កន្លងមកប៉ុន្មានថ្ងៃនេះ ។

សូមបញ្ជាក់ថា ក្រោយការបោះឆ្នោតឆ្នាំ២០១៣ លោក រ៉ុង ឈុន ក្នុងចំណោមមន្រ្តីមកពីក្រុមអង្គការ ត្រូវបានបោះឆ្នោតឲ្យក្លាយជា មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលកើតចេញមកពីកិច្ចព្រមព្រៀង រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិនាពេលនោះ ប៉ុន្តែបន្ទាប់ពីបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោល លោកក៏បានដាក់ពាក្យលាឈប់ ។
កាលពីឆ្នាំអំឡុងឆ្នាំ២០២០លោក រ៉ុង ឈុន ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ២ឆ្នាំ ពីបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ដោយសារលោកចេញសេចក្ដីថ្លែងការណ៍ កាលពីខែកក្កដា ឆ្នាំ២០២០ ជំរុញរាជរដ្ឋាភិបាល ដាក់យោធាការពារព្រំដែន និងប្រគល់ដីក្បែរព្រំដែននៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំឲ្យអ្នកភូមិវិញ ក្រោយអ្នកភូមិអះអាងបានបាត់បង់ ដីស្រែពីការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ប៉ុន្តែកាលពីចុងឆ្នាំ២០២១ សាលាឧទ្ធរណ៍បានដោះលែងលោក រ៉ុង ឈុន ឲ្យនៅក្រៅឃុំ ដោយកាត់តម្រឹមអនុវត្តទោស ក្នុងពន្ធនាគារត្រឹម១៥ខែ ១១ថ្ងៃ ហើយទោសនៅសល់ ៨ខែ ១៩ថ្ងៃទៀត ត្រូវបានព្យួរ៕

To Top