ព័ត៌មានជាតិ

សម្ដេចតេជោ នឹងដឹកនាំរដ្ឋាភិបាល (ចាស់) ចូលរួមប្រជុំអាស៊ានលើកទី ៤២-៤៣ នៅឥណ្ឌូនេស៊ី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា សម្ដេចនឹងអញ្ជើញដឹកនាំរាជរដ្ឋាភិបាលចាស់ (បច្ចុប្បន្ន) ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២-៤៣ ដែលប្រទេសឥណ្ឌូនេស៊ី រៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ។

ការអះអាងនេះ គឺស្របតាមស្ថានភាពជាក់ស្ដែងដែលកម្ពុជានឹងមានការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយឥណ្ឌូនេស៊ី បានដាក់ថ្ងៃប្រជុំទាំងពីរលើករបស់ខ្លួន មុនថ្ងៃនៃ ការរៀបចំរដ្ឋាភិបាលថ្មីកម្ពុជា។

ទោះបីជាយ៉ាងណា សម្ដេចនៅតែបញ្ជាក់ថា សម្ដេចនឹងអញ្ជើញជាអធិបតីភាព ក្នុងការបើកព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផងដែរ។

ក្នុងពិធីជួបសំណោះសំណាលជាមួយ សិស្សជាប់និទ្ទេសA ជាប់១ពាន់នាក់ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ បានមានប្រសាសន៍ថា ឥណ្ឌូនេស៊ី បានលើកសំណូមពរ ដោយសុំពិភាក្សាជាមួយនឹង បណ្ដាប្រទេស ជាសមាជិក បើកការប្រជុំអាស៊ានលើកទី៤២ នៅថ្ងៃទី៩-១១ ឧសភា និងលើកទី៤៣ នៅថ្ងៃទី៤-៧ កញ្ញា ឆ្នាំ២០២៣ ។

សម្ដេចបញ្ជាក់ថា « ឥឡូវនេះខ្ញុំឃើញកម្មវិធីនៃការត្រៀមសម្រាប់ ការប្រជុំអាស៊ាន នៅហ្សាកាតា ពីថ្ងៃទី៩-១១ ឧសភា ហើយថ្ងៃបើក ស៊ីហ្គេម តែចាំបាច់មានវត្តមានរបស់ខ្ញុំគឺ ថ្ងៃទី៥ ឧសភា ចឹងវាមិនជាន់គ្នាទេ ខាងឥណ្ឌូនេស៊ី គាត់លើក សំណូមពរ ដោយសុំពិភាក្សាជាមួយនឹងបណ្ដាប្រទេស ការប្រជុំអាស៊ានលើកទី៤២ នៅហ្សាកាតា គឺថ្ងៃទី៩-១១ ឧសភា ។ ដូច្នេះខ្ញុំបើកហើយទៅប្រជុំ ត្រឡប់មកវិញបានខ្ញុំចូលបិទ ។ ដូច្នេះគ្មានបញ្ហាទេ។ ដល់ប្រជុំលើកទី៤៣ គឺប្រជុំនៅថ្ងៃទី៤-៧ កញ្ញា ២០២៣ ។ ដូច្នេះច្បាស់ថារដ្ឋាភិបាលចាស់ទៅប្រជុំ ព្រោះយើងបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា» ។

សម្ដេចតេជោពន្យល់ថា អីចឹងការបង្កើតរាជរដ្ឋាភិបាលថ្មី តាមការប៉ាន់ស្មាន អាចនឹងពាក់កណ្ដាលខែកញ្ញា ឬក្រោយបន្តិច ព្រោះសភាមានកាលកំណត់ថា៦០ថ្ងៃយ៉ាងយូរ សភានឹងត្រូវកោះប្រជុំ ក្រោមអធិបតីភាពព្រះមហាក្សត្រ។

សម្ដេចសង្កត់ធ្ងន់ថា «ចឹងទេបើយោងទៅលើចំណុចនេះ គឺរដ្ឋាភិបាលចាស់នឹងត្រូវចូលប្រជុំអាស៊ានទាំងពីរលើក ព្រោះឥណ្ឌូនេស៊ី បើកកិច្ចប្រជុំពីរលើក »៕

To Top