ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា នៅប៉ុន្មានថ្ងៃខាងមុខនេះ សម្ដេច នឹងប្រកាសដាក់ឲ្យ ដំណើរការ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រោះនឹងមានប្រសិទ្ធភាព ដោយផ្សារ ភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ។
ក្នុងពិធីជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេសA នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ បានណែនាំដល់ភាគី ពាក់ព័ន្ធ ទាំងអស់ត្រូវជំរុញចលនាកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
សម្ដេចតេជោមានប្រសាសន៍ថា «ប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំនឹងប្រកាសនៅកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលហៅថា កែទម្រង់ដើរទៅមុខទៀត ហើយប្រសិទ្ធភាពណាស់ ដែលយើង ថវិកា ផ្សារភ្ជាប់នឹងគោលនយោបាយ»។
សូមរំលឹកថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាកម្មវិធីកែទម្រង់ស្នូលមួយ នៃកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ច។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ក៏មានចក្ខុវិស័យប្រកបដោយមហិច្ឆតា និងប្រាកដនិយម ពោលគឺកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឲ្យស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិដែលមាន គោលដៅផ្លាស់ប្តូរ ប្រព័ន្ធដែលផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ឆ្ពោះទៅប្រព័ន្ធដែលផ្ដោតលើធាតុចេញ ឬលទ្ធផល និងវិមជ្ឈការ៕
