ព័ត៌មានជាតិ

ហុងគ្រី បង្ហាញសញ្ញាណវិជ្ជមាន ចំពោះការស្នើសុំរបស់កម្ពុជា ពាក់ព័ន្ធនឹងការ ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP+

ភ្នំពេញ៖ ហុងគ្រី បានបង្ហាញពីសញ្ញាណវិជ្ជមាន ចំពោះការស្នើសុំ របស់ភាគីកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់ប្រព័ន្ធ អនុគ្រោះពន្ធ GSP+ នៅពេលដែលកម្ពុជា ចាកចេញ ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ។

ការបង្ហាញពីសញ្ញាណវិជ្ជមាន ពីសំណាក់ភាគីហុងគ្រី ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម​ជាមួយ​លោកបណ្ឌិត ធីប័រ បាឡូហ្គ៍ឌី (Tibor BALOGHDI) ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា ទើបតែងតាំងថ្មី នាថ្ងៃទី៣ កុម្ភៈ ។

ក្នុងឱកាសលោកស្រីរដ្ឋលេខាធិការ បានស្នើសុំឱ្យវិនិយោគិនហុងគ្រី សិក្សានិងស្វែងយល់បន្ថែមពី កាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ព្រមទាំងជំរុញឱ្យនាំចូល ផលិតផលកសិកម្ម និងឧស្សាហកម្មពីកម្ពុជា បន្ថែមទៀត។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូត បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តពង្រឹង ទំនាក់ទំនងល្អ ជាពិសេសក្នុង វិស័យពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដើម្បីឈានដល់កម្រិត សក្តានុពលពេញលេញ។

ក្នុងឱកាសនោះ ភាគីទាំងពីរ បានកត់សម្គាល់ពីវឌ្ឍនភាពនៃ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការរៀបចំ កិច្ចប្រជុំលើកទី១ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះ ព្រមទាំងវេទិកាជំនួបធុរកិច្ចរវាងកម្ពុជា-ហុងគ្រី ដែលសម្រេចបានយ៉ាងរលូន ជាមួយនឹង លទ្ធផលជាផ្លែផ្កា ក៏ដូចជាភាពរីកចម្រើនក្នុង ទំនាក់ទំនងពាណិជ្ជកម្ម ដែលឆ្លុះបញ្ចាំង ដោយកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី។
ស្របគ្នាដែរ ភាគីទាំងពីរ ក៏បានបង្ហាញនូវឆន្ទៈក្នុងការគ្រោងរៀបចំ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ និងជំនួបធុរកិច្ចលើកទី២ នៅអំឡុងឆមាសទី២ ឆ្នាំ២០២៣ នាពេលខាង មុខ ។

លោកស្រី​ ក៏បានជំរុញឱ្យភាគីទាំងពីរ ដែលជាសមាជិក គណៈកម្មការនេះ រួមមានក្រសួង-ស្ថាប័នពាក់ព័ន្ធ ជំរុញការ អនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា ឬកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព។ ការលើកទឹកចិត្ត និងសហការយ៉ាងជិតស្និទ្ធ ជាមួយវិស័យឯកជន គឺជាកម្លាំងចលករជំរុញកំណើន សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ។

បន្ថែមពីនេះ ភាគីកម្ពុជា ក៏បានស្នើភាគីហុងគ្រី ក្នុងការផ្តល់អាហារូបករណ៍បន្ថែម និងវគ្គបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពមន្រ្តីជំនាញ ដែលគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការចូលរួមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ភាគីហុងគ្រី ក៏បានបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់និស្សិត និងមន្រ្តីកម្ពុជា ក្នុងការចូលរួមដាក់ពាក្យឱ្យបានច្រើន ។

ភាគីទាំងពីរ បានសម្តែងសារជាថ្មី នូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងហុងគ្រី នៅឆ្នាំ២០២២ សម្រេចបានប្រមាណ៧.៤៤ លានដុល្លារអាមេរិក ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់ប្រមាណ ៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២០ (សម្រេចបានប្រមាណ ៤លានដុល្លារអាមេរិក)។
ទំនិញនាំចេញសក្តានុពល ពីកម្ពុជាទៅហុងគ្រី រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ បន្លែ ថ្នាំជក់ ផលិតផលឱសថ និងវត្ថុធ្វើអំពីស្បែកជាដើម រីឯទំនិញនាំចូល សក្តានុពលពីហុងគ្រីមកកម្ពុជាវិញ រួមមាន៖ វត្ថុផ្សេងៗធ្វើពីលោហធាតុធម្មតា គីមីសរីរាង្គ ផលិតផលធ្វើពីទឹកដោះ សរសៃអំបោះសិប្បនិម្មិត ផលិតផលកែច្នៃចេញពីសាច់ សាច់ត្រី ឬគ្រាប់ធញ្ញជាតិ។ល៕

To Top