ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសការប្រគល់ទ្រព្យសម្បត្តិ ដែលរឹបអូសពីរុស្សី ទៅឲ្យអ៊ុយក្រែន ជាលើកដំបូង

បរទេស៖ មេធាវីអាមេរិកលោក Merrick Garland កាលពីចុងសប្តាហ៍កន្លងមកនេះ បានធ្វើការប្រកាសជាលើកដំបូងនូវអ្វីដែលគេហៅថា ជាការប្រគល់ទ្រព្យសម្បត្តិរបស់រុស្សី ដែលធ្លាប់បានរឹបអូសនោះ ទៅឲ្យប្រទេសអ៊ុយក្រែន។

ទ្រព្យសម្បត្តិដែលជាផ្នែកមួយនៃទណ្ឌកម្មប្រឆាំងនឹងរុស្សី ពីសំណាក់អាមេរិកនិងលោលខាងលិច ក្រោយពេលដែលរដ្ឋាភិបាលក្រុងមូស្គូ បានសម្រេចចិត្តបើកប្រតិបត្តិការពិសេសយោធា ទៅលើប្រទេសអ៊ុយក្រែន។

ទ្រព្យសម្បត្តិដែលត្រូវប្រគល់ ទៅឲ្យប្រទេសអ៊ុយក្រែនជាលើកដំបូងនេះ ត្រូវបានគេដឹងថា មានតម្លៃប្រមាណជា៥,៤លានដុល្លារនិងជាទឹកប្រាក់ ដែលត្រូវបានរឹបអូសពីមហាសេដ្ឋីជំនួញ ជនជាតិរុស្សីលោក Konstantin Malofeyev ។

រំលឹកដែរថាកាលពីខែមិថុនាកន្លងមក ទ្រព្យសម្បត្តិរាប់សិបលានដុល្លារ ត្រូវបានរឹបអូសដោយធនាគារអាមេរិក ដេលជាលុយរបស់សេដ្ឋីរូបនេះ បន្ទាប់ពីទណ្ឌកម្មដែលត្រូវបានប្រកាស ដោយសហរដ្ឋអាមេរិកជាបន្តបន្ទាប់ ប្រឆាំងនឹងប្រទេសរុស្សី។

កាលពីខែធ្នូ បន្ទាប់មកពីប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាទៅលើគោលការណ៍ច្បាប់ថ្មី ដែលអនុញ្ញាតិឲ្យក្រសួងយុត្តិធម៌អាមេរិក ក្នុងការផ្ទេរទ្រព្យសម្បត្តិមានតម្លៃនានា ដែលរឹបអូសពីរុស្សីទៅឲ្យក្រសួងការបរទេសប្រើប្រាស់ ក្នុងកញ្ចប់ជំនួយទៅឲ្យប្រទេសអ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី

To Top