ភ្នំពេញ៖ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា(UN Resident Coordinator Cambodia) បានសង្កេតឃើញថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានលក្ខណៈកាន់តែល្អប្រសើរច្រើន។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Joseph scheuer បានកោតសរសើរ និងថ្លែងអំណរគុណដល់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលតែងតែសហការជាមួយ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជា និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលយល់ព្រមឲ្យការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បន្តអាណត្តិរបស់ខ្លួន ដើម្បីបន្តបំពេញបេសកកម្ម ក្នុងការជួយរាជរដ្ឋាភិបាលបន្តទៀត។
ដោយសារចំណុចដូចខាងលើ ទើបលោកកោតសរសើរដល់កម្ពុជា ចំពោះការគោរពសិទ្ធិមនុស្សថា «ការគោរពសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈកាន់តែល្អប្រសើរច្រើន ហើយលោកក៏បានជម្រាបជូន នូវគម្រោងនានាក្នុងការរៀបចំ កិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំបន្តបន្ទាប់ នាពេលអនាគតផងដែរ»។
ក្នុងជំនួបនោះ លោក កែវ រ៉េមី ក៏បានលើកឡើងអំពី កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងវិស័យសិទ្ធិមនុស្ស រវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយការិយាល័យ អង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏ដូចជាការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នាពេលកន្លងទៅ។ លោកក៏បានបញ្ជាក់ពីជំហរក្នុងការ បន្តកិច្ចសហការគ្នាទៅថ្ងៃអនាគតផងដែរ។
សូមបញ្ជាក់ថា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ កម្ពុជាមានលិខិតបទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិជាបន្តបន្ទាប់។ តាមមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញដែលបានបញ្ជូល ដោយផ្ទាល់នូវលិខិតូបករណ៍ សិទ្ធិមនុស្សបានចែងថា កម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយ ទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ៕