ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារការរញ្ជួយដី នៅតួកកី និងស៊ីរី​ កើនឡើងដល់ ៤៨០០នាក់

អងការ៉ា ៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន (AFAD) បានឲ្យដឹងថា ចំនួនអ្នកស្លាប់ពីការរញ្ជួយដីដ៏ខ្លាំង នៅតួកគី​ និងស៊ីរី​ បានកេីនឡេីងដល់ទៅ ៤៨០០នាក់​ ខណៈដែលក្រុម ជួយសង្គ្រោះ កំពុងប្រជែងពេលវេលា ដើម្បីជួយសង្គ្រោះមនុស្ស ដែលជាប់នៅក្រោមគំនរបាក់បែក ក្នុងអាកាសធាតុត្រជាក់ និងភ្លៀង ។

ប្រភពពី AFAD ក៏បានកត់សម្គាល់ផងដែរថា យ៉ាងហោចណាស់ មនុស្ស ១៣២៩៣នាក់បានរងរបួស និងអគារ ៥៦០៦អគារ ត្រូវបានបំផ្លាញ បន្ទាប់ពីការរញ្ជួយដីដោយបន្ថែមថា មនុស្សសរុប ១៤៧២០ នាក់ កំពុងផ្តល់ជំនួយនៅក្នុងតំបន់ គ្រោះមហន្តរាយ រួមទាំងបុគ្គលិកយោធាផងដែរ។

ការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័របានវាយប្រហារ ខេត្ត Kahramanmaras ភាគខាងត្បូង នៃប្រទេសតួកគី នៅម៉ោង៤ និង៧ ព្រឹកម៉ោងក្នុងស្រុក នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

វាត្រូវបានបន្តដោយការរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រ ប៉ុន្មាននាទីក្រោយមកនៅក្នុងខេត្ត Gaziantep ភាគខាងត្បូងរបស់ប្រទេស និងការរញ្ជួយដីកម្រិត៧,៦ រ៉ិចទ័រនៅម៉ោង ១ និង២៤នាទីយប់ ម៉ោងក្នុងស្រុកនៅខេត្ត Kahramanmaras ។

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃចន្ទបានប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ថ្ងៃសម្រាប់ជនរងគ្រោះ ដោយការរញ្ជួយដី ដ៏សាហាវនេះ។

លោក Erdogan បានសរសេរថា “រយៈពេលកាន់ទុក្ខថ្នាក់ជាតិ ត្រូវបានប្រកាស សម្រាប់រយៈពេល ៧ថ្ងៃ។ ទង់ជាតិរបស់យើង នឹងត្រូវបានលើក នៅពាក់កណ្តាលដើម រហូតដល់ថ្ងៃលិច នៅថ្ងៃអាទិត្យទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅគ្រប់ការិយាល័យតំណាងជាតិ និងបរទេសរបស់យើង”។

ការរញ្ជួយដីកាលពីថ្ងៃច័ន្ទ ត្រូវបានគេជឿថា មានកម្លាំងខ្លាំងបំផុតនៅក្នុងប្រទេសតួកគី ចាប់តាំងពីការរញ្ជួយដីកម្រិត ៧,៩នៅខេត្ត Erzincan ភាគខាងកើតប្រទេស ដែលបានសម្លាប់មនុស្ស ៣៣០០០ នាក់ក្នុងឆ្នាំ១៩៣៩៕

ប្រែសម្រួល ឈូក បូរ៉ា

To Top