ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ក្នុង គ្រោះថ្នាក់រញ្ជួយដីនៅតួកគី និងស៊ីរី កើនឡើងដល់ជាង ៧៨០០នាក់

អង់ការ៉ា៖ ចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីដ៏បំផ្លិចបំផ្លាញកាលពីថ្ងៃច័ន្ទ ដែលវាយប្រហារនៅតួកគី និងស៊ីរី បានកើនឡើងដល់ជាង ៧៨០០នាក់នៅថ្ងៃពុធនេះ ខណៈដែលការអំពាវនាវបានធ្វើឡើង ដើម្បីដកទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកលើប្រទេសស៊ីរី។

យោងតាមរដ្ឋមន្ត្រីសុខាភិបាលតួកគី Fahrettin Koca និងការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៅទីស្នាក់ការកណ្តាលអភិបាលក្រុង Aleppo ចំនួនអ្នករងរបួសបានកើនឡើងដល់ ៣១៧៧៧នាក់ និង ១៤៤៩នាក់រៀងៗខ្លួននៅក្នុងទីក្រុងតួកគី និងស៊ីរី។

ចំនួនអ្នកស្លាប់នៅក្នុង ប្រទេសទាំងពីរត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត ខណៈដែលប្រតិបត្តិការ ជួយសង្គ្រោះត្រូវបានរារាំង ដោយអាកាសធាតុអាក្រក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គ្រោះរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ បានវាយប្រហារខេត្ត Kahramanmaras ភាគខាងត្បូងនៃប្រទេសតួកគី នៅម៉ោង ៤ និង ១៧ នាទីព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃច័ន្ទ បន្ទាប់មកដោយការរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រ ប៉ុន្មាននាទីក្រោយមកនៅខេត្ត Gaziantep ភាគខាងត្បូងរបស់ប្រទេស និងការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រនៅ Kahramanmaras ។

ខេត្ត Hatay ភាគខាងត្បូងរបស់តួកគី និងទីក្រុង Aleppo ភាគខាងជើងនៃប្រទេសស៊ីរី បានទទួលរងការបាត់បង់ជីវិតដ៏ធំបំផុត ខណៈដែលប្រទេសលីបង់ អ៊ីស្រាអែល និងប្រទេសស៊ីប ក៏មានអារម្មណ៍ពីសភាពញ័រផងដែរ។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រកាសដាក់ប្រទេសក្នុង ភាពអាសន្នរយៈពេលបីខែ កាលពីថ្ងៃអង្គារនៅក្នុងខេត្តចំនួន ១០ របស់ប្រទេសដែលរងគ្រោះដោយការរញ្ជួយដី។

លោកបាននិយាយនៅក្នុង សន្និសីទសារព័ត៌មានមួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីធានាថាសកម្មភាពស្វែងរក និងជួយសង្គ្រោះ និងការសិក្សាជាបន្តបន្ទាប់អាច ត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top