បរទេស ៖ ក្រុមអ្នកស៊ើបអង្កេត ដែលកំពុងសម្លឹងមើលការ ធ្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពីក្នុងឆ្នាំ២០១៤ បានឲ្យដឹងថា មានការចង្អុលបង្ហាញខ្លាំង ដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមលើការផ្គត់ផ្គង់កាំជ្រួច ដែលបានបាញ់ទម្លាក់យន្តហោះនេះ។
ក្រុមស៊ើបអង្កេតរួមគ្នាមកពីប្រទេសចំនួន៦ បានឲ្យដឹងថា “មានការចង្អុលបង្ហាញយ៉ាងខ្លាំងដែលប្រធានាធិបតីរុស្ស៊ីបានសម្រេចចិត្តលើការផ្គត់ផ្គង់ Buk TELAR ដល់ក្រុមបំបែកខ្លួនរបស់ DPR (Donetsk People’s Republic)” ។
ប៉ុន្តែពួកគេបានឲ្យដឹងថា ភស្តុតាងនៃការជាប់ ពាក់ព័ន្ធរបស់លោក ពូទីន និងមន្ត្រីរុស្ស៊ីផ្សេងទៀត គឺមិនច្បាស់លាស់គ្រប់គ្រាន់ ដើម្បីឈានទៅដល់ការ កាត់ទោសព្រហ្មទណ្ឌ ហើយថាពួកគេនឹងបញ្ចប់ការស៊ើបអង្កេត របស់ពួកគេដោយគ្មានការ កាត់ទោសបន្ថែមទៀត។
ក្រុមអ្នកស៊ើបអង្កេតធ្លាប់បានឲ្យដឹងថា ពួកគេចង់ស្វែងរកថា អ្នកណាជាអ្នកបង្កើតកាំជ្រួច BUK ហើយតើអ្នកណានៅក្នុងខ្សែសង្វាក់បញ្ជា។ កាំជ្រួចត្រូវបានគេចោទថាបាននាំចេញពីមូលដ្ឋានយោធារុស្ស៊ីក្នុងទីក្រុង Kursk ប៉ុន្តែពួកគេបានទទួលស្គាល់ថា វាមិនអាចទៅរួចទេសម្រាប់ពេលនេះ។
ព្រះរាជអាជ្ញា Digna van Boetzelaer បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងឡាអេថា “ការស៊ើបអង្កេតបានឈានដល់កម្រិតកំណត់ហើយ ការរកឃើញនេះមិនគ្រប់គ្រាន់ សម្រាប់ការកាត់ទោសជនសង្ស័យថ្មីនោះទេ”។
គួរបញ្ជាក់ថា រុស្ស៊ីបានបដិសេធរាល់ការជាប់ពាក់ព័ន្ធ ក្នុងការបាញ់ទម្លាក់យន្តហោះស៊ីវិល ដែលបានសម្លាប់អ្នកដំណើរ និងនាវិក ២៩៨នាក់កាលពីឆ្នាំ២០១៤កន្លងទៅនេះ៕
ប្រែសម្រួល ឈូក បូរ៉ា