ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើក្រុមហ៊ុនចិន សិក្សាផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្នើក្រុមហ៊ុនចិន សិក្សាពីគ្រោងវិនិយោគផ្លូវល្បឿនលឿនធុនស្រាល ពីរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល ក្នុងរាជធានីភ្នំពេញផងដែរ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ នាឱកាសអនុញ្ញាតឱ្យក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនBeijing Urban Construction Group និងក្រុមហ៊ុនChina Metro Group ចូលជួបសម្ដែងការគួរសម នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ក្រុមហ៊ុនទាំង៣ បានសម្ដែងនូវការចាប់អារម្មណ៍ ក្នុងការបន្តវិនិយោគលើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក។ ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន គឺជាក្រុមហ៊ុនវិស្វកម្មចិននាំមុខ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន ការសិក្សាប្លង់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការស្តាផ្លូវទឹក ការផលិតគ្រឿងចក្រធន់ធ្ងន់ និងសេវាកម្មអាហរណ៍ នីហរ័ណ។

នៅក្នុងកិច្ចពិភាក្សាគ្នានោះ ក្រុមហ៊ុនចិនទាំង៣ បានជំរាបជូន សម្តេចតេជោ នាយករដ្ឋមន្រ្តី ពីការសាងសង់ និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងបាវិត ដែលត្រូវបានរៀបចំឡើង ក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោង សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៧។ ជាមួយ នឹងទិសដៅនៃការវិនិយោគ ក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចំរ៉ាញ់ ទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លើង ល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត។ ក្រុមហ៊ុនក៏បានជំរាបជូន សម្តេចតេជោពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់ អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ។

ទាក់ទិនទៅនិងការវិនិយោគ ផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល សម្តេចតេជោ នាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាស យានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល ក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។

ក្រុមហ៊ុនវិនិយោគទាំងបីរបស់ប្រទេសចិន ក៏បានជំរាបជូន សម្តេចតេជោ នាយករដ្ឋមន្រ្តី ពីគម្រោងសិក្សាលើលទ្ធភាពវិនិយោគថ្មីៗ ក្នុងប្រទេសកម្ពុជាសម្រាប់ពេលខាងមុខ ពិសេសក្រោយលទ្ធផលនៃ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនចិន បានជំរាបជូន សម្តេចតេជោ ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូននូវរបាយការណ៍ សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជំរាបជូន សម្តេចតេជោ ពីគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ដែលក្នុងនោះក្រុមហ៊ុនបានបញ្ចប់ការសិក្សា បឋមគម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ សៀមរាប ដែលនិងប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជំរាបជូន សម្តេចតេជោ ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ក្នុងនោះបាននិងកំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញលូសំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាម ៕

To Top