ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវការពារឲ្យបានដាចខាត់នូវសុវត្ថិភាព ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣។
នាឱកាសអញ្ជើញស្ដាប់របាយការណ៍សង្ខេប ស្ដីពីផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច ស ខេង បានចាត់ទុកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ បន្ទាប់ពីកម្ពុជារៀបចំធ្វើជាម្ចាស់នៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ។
សម្ដេចបន្ដថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ នឹងប្រារព្ធរៀបចំធ្វើឡើង នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ ហើយក៏ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រមួយសម្រាប់កម្ពុជា ហើយក៏ជាលើកដំបូងបន្ទាប់ពីកម្ពុជាចូលជាសមាជិកសមាគម នៃបណ្ដាប្រទេសអាស៊ីប៉ែកអាគ្នេយ៍។
សម្ដេចបញ្ជាក់ថា «សូមណែនាំដល់អាជ្ញាធរគ្រប់ប្រភេទ ត្រូវខិតខំប្រឹងប្រែងការពារឲ្យបានដាចខាត់នូវសុវត្ថិភាព សម្រាប់ការប្រកួតទាំងមូល ដូចជា៖ ការពារកីឡាករ-កីឡាការិនី ព្រមទាំងប្រជាពលរដ្ឋជាដើម ដើម្បីធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍កីឡានេះ ទទួលបានជោគជ័យរ»។
លើសពីនេះ សម្ដេច ស ខេង ក៏បានធ្វើការផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវធ្វើការពង្រឹងច្រកចេញ-ចូល ទាំងផ្លូវអាកាស-គោក ឲ្យបានម៉តចត់ និងត្រឹមត្រូវបំផុត ព្រោះមានភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចេញ-ចូលច្រើនមកកាន់កម្ពុជា។
នាឱកាសនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានលើកឡើងដែរថា ត្រូវធានាដាច់ខាតសុវត្ថិភាព និងសណ្ដាប់ធ្នាប់សន្ដិសុខ សម្រាប់ព្រឹត្តិការណ៍កីឡា ដើម្បីលើកកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្ដរជាតិ។ នាយឧត្តមសេនីយ៍បន្ដថា ចំពោះកងកម្លាំងការពារវិញ មានផែនដូចជា៖ ផែនសន្ដិសុខ ផែនបង្ក្រាបបទល្មើស ផែនសណ្ដាប់ធ្នាប់ និងចរាចរណ៍ ដោយប្រើប្រាស់កម្លាំងសរុបចំនួន១៥,៧០០នាក់ ស្មើនឹង១៥អង្គភាព។ ដោយឡែក កងកម្លាំងអន្ដរាគមន៍ជាង ៤ពាន់នាក់ផងដែរ។
សូមរំលឹកថា គិតថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គឺនៅសល់តែ៨៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ៕