ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់លោក ស៊ី ជីនពីង ប្រធានាធិបតីចិនថា ជំនួយឧបត្ថម្ភរបស់ចិន គឺមិនគ្រាន់តែចូលរួមចំណែក ដល់ភាពរីកចំរើនរបស់កម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជា ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ ។ នេះបើតាមការចុះផ្សាយរបស់ ទទក ។
ក្នុងជំនួបនោះដែរភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងសេរីកម្ពុជា ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករាឆ្នាំ២០២៣ ដែលបានជំរុញការបើកទីផ្សាររបស់ចិន ទទួលកសិផលនិងមច្ឆាជាតិរបស់កម្ពុជា។ លោក ស៊ី ជីនពីង មានប្រសាសន៍កោតសរសើរចំពោះស្នាដៃរបស់សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យដ៏ត្រចះត្រចង់។ សម្តេចបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមធានាឲ្យទទួលបានជោគជ័យ។
នៅក្នុងជំនួបគ្នានោះមេដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ដែលឈានពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែកថែប និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ។
មេដឹកនាំទាំងពីរនិងបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦ រួមមាន ៖ ទី១-នយោបាយ និងការទូត , ទី២- វិស័យសមត្ថភាពផលិត និងវាយភណ្ឌ ,ទី៣-កសិកម្ម ,ទី៤- ថាមពល , ទី៥-សន្តិសុខ ,ទី៦-ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។ នៅក្នុងជំនួបគ្នានេះ លោក ស៊ី ជីនពីង បានគាំទ្រចំពោះជំហគោលនយោបាយរបស់កម្ពុជា ចំពោះភាពឯករាជ្យ បូរណភាពទឹកដីរបស់កម្ពុជា។
លោកប្រធានាធិបតីមានប្រសាសន៍ចាប់អារម្មណ៍ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌នៅតំបន់ជុំវិញបឹងទន្លេសាប។
ទាក់ទិនទៅនិងប្រសាសន៍លើកឡើងរបស់ប្រធានាធិបតីចិន សម្តេចបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់របស់ប្រធានាធិបតី ដើម្បីបង្កើតរបៀងមច្ឆាជាតិ និងអង្គរ នៅភាគពាយ័ព្យរបស់កម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជា មានប៉ូលសេដ្ឋកិច្ចចំនួន៣រួចមកហើយ គឺប៉ូលសេដ្ឋកិច្ចភ្នំពេញ ក្រុងព្រះសីហនុ និងឥសាន ហើកម្ពុជានិងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគពាយ័ព្យ។
នៅក្នុងជំនួបគ្នានោះដែរ លោក ស៊ី ជីនពីង និងសម្តេចតេជោ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការជំរុញការផលិតប្រពភថាមពលអគ្គិសនីដោយផ្តោតលើការការពារបរិស្ថាន ថាមពលបៃតង។
ក្នុងជំនួបគ្នានោះ សម្តេចតេជោបានស្នើដល់លោកប្រធានាធិបតី ជំរុញអ្នកទេសចរណណ៍ចិន មកទស្សនាកម្ពុជាឲ្យកាន់ច្រើនឡើង បន្ទាប់ពីការបន្ធូរបន្ថយការរិតត្បិតរបស់ចិន ពិសេសការលើកទឹកចិត្តពី លោកប្រធានាធិបតី ដើម្បីឲ្យអ្នកទេសចរណ៍ចិនធ្វើដំណើរមកកាន់កម្ពុជា ដោយគ្មានការភ័យខ្លាច។
សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា សេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភរបស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង ពោលបើមិនមានវ៉ាក់សាំងចាក់ស្រោយដែលផ្តល់ដោយភាគីចិនទេនោះ មិនដឹងថាប្រជាជនកម្ពុជាមានវាសនាបែបណានោះទេ ពិសេសកម្ពុជាបានបើកសេដ្ឋកិច្ច និងប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវច្ឆិកា ឆ្នាំ២០២៣ ៕