ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជាក់ថា បាឡុង​របស់​ចិន​ គឺពិតជាប្រើ​ សម្រាប់​ការ​ឃ្លាំ​មើល ​ការ​ស៊ើបការណ៍​សម្ងាត់

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានចេញផ្សាយព័ត៌មានលំអិតថ្មី អំពីបាឡុងចារកម្មរបស់ចិន ដែលបានហោះហើរ លើប្រទេសកាលពីសប្តាហ៍មុន ដោយលើកឡើងថា បាឡុងនេះគឺច្បាស់ណាស់ ត្រូវបានប្រើ ដើម្បីប្រមូលព័ត៌មានសម្ងាត់ ។

មន្ត្រីក្រសួងការបរទេសអាមេរិក បានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បាឡុង ដែលត្រូវបានបាញ់ ទម្លាក់ដោយកងកម្លាំងសហរដ្ឋអាមេរិក នៅលើមហាសមុទ្រអាត្លង់ទិក បន្ទាប់ពីឆ្លងកាត់ទ្វីបអាមេរិក “មានសមត្ថភាពធ្វើប្រតិបត្តិការ ប្រមូលព័ត៌មានសម្ងាត់” ។

ទីក្រុងវ៉ាស៊ីនតោន ក៏បានច្រានចោលការអះអាងរបស់ទីក្រុងប៉េកាំង ម្តងទៀតដែលថា បាឡុងនេះត្រូវបានប្រើ សម្រាប់ការស្រាវជ្រាវឧតុនិយម ហើយបានបង្វែរទិសដៅ របស់វាចូលទៅក្នុងដែនអាកាសអាមេរិក។

មន្ត្រីអាមេរិកបាឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរមួយថា “ឧបករណ៍របស់បាឡុងកម្ពស់ខ្ពស់ គឺច្បាស់ណាស់ សម្រាប់ការតាមដានស៊ើបការណ៍ និងមិនស៊ីសង្វាក់គ្នា ជាមួយនឹងឧបករណ៍នៅលើបាឡុងអាកាសធាតុ”។

ប្រភពបានឲ្យដឹងទៀតថា “វាមានអង់តែនច្រើន ដើម្បីរួមបញ្ចូលអារេ ដែលទំនងជា អាចប្រមូល និងទំនាក់ទំនងតាមទីតាំងភូមិសាស្ត្រ។ វាត្រូវបានបំពាក់ដោយបន្ទះស្រូប ពន្លឺព្រះអាទិត្យ ដែលមានទំហំធំល្មម ដើម្បីផលិតថាមពល ដែលត្រូវការដើម្បីដំណើរ ការឧបករណ៍ចាប់សញ្ញាប្រមូលព័ត៌មានសកម្មជាច្រើន”។ ប្រទេស​ចិន ​បាន​ថ្កោលទោស ​ការ​បាញ់​ទម្លាក់បាឡុង ​ដែល​ខ្លួន​បានឲ្យដឹង​ថា​ជា​ “បាឡុងស៊ីវិលគ្មានមនុស្សបើក” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top