ព័ត៌មានជាតិ

ពុំមានពលរដ្ឋខ្មែរ ណាម្នាក់បានស្លាប់ ឬរងគ្រោះ ក្នុងគ្រោះរញ្ជួយដី នៅតួកគីនោះទេ

ភ្នំពេញ ៖ បើតាមលោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ ដែលបានទទួលរបាយការណ៍ពី ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី គិតត្រឹមថ្ងៃ១០ កុម្ភៈនេះ គឺពុំមានពលរដ្ឋខ្មែរណាម្នាក់បានស្លាប់ ឬរងគ្រោះ ក្នុងគ្រោះរញ្ជួយដី នៅតួកគីនោះទេ។

លោកបន្តថា តាមការស្រាវជ្រាវនិង សម្របសម្រួលរបស់ស្ថានទូត មាននិស្សិតខ្មែរចំនួន២រូបដែលសិក្សានៅក្នុងខេត្ត Adana នៃតំបន់មានគ្រោះរញ្ជួយដី ប៉ុន្តែពួកគាត់មានសុវត្ថិភាពធម្មតា និងបានជម្លៀសមកកាន់ទីតាំងមានសុវត្ថិភាពរួចរាល់ហើយ។

នៅថ្ងៃ១០ កុម្ភៈ នេះ និស្សិតទាំងពីរក៏បានមកដល់ស្ថានទូតកម្ពុជា ហើយបានទទួលការជួយឧបត្ថម្ភចាំបាច់ រួមទាំងទីតាំងស្នាក់បណ្តោះអាសន្ន នៅរដ្ឋធានីអង់ការ៉ា ដែរ។

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី នឹងបន្តរក្សាទំនាក់ទំនងជាប្រចាំ ជាមួយអាជា្ញធរមានសមត្ថកិច្ចតួកគីនៅមូលដ្ឋាន ព្រមទាំងនិស្សិតនិងពលរដ្ឋខ្មែរ ដែលកំពុងសិក្សានិងរស់នៅក្នុងប្រទសតួកគី ជាបន្តទៀត។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះរញ្ជួយដីក្នុងកម្រិត ៧,៧ រ៉ិចទ័រ បានវាយប្រហារខេត្ត Kahramanmaras ភាគខាងត្បូងនៃប្រទេសតួកគី និងប្រទេសស៊ីរីនាថ្ងៃ៦ កុម្ភៈមក គិតមកដល់ពេលនេះមានអ្នកស្លាប់កើនលើសពី១២០០០នាក់ ។ ចំពោះឱកាសក្នុងការស្វែងរកអ្នករស់រាន មានជីវិតបន្ថែមទៀតកាន់តែតិច ព្រោះអាកាសធាតុត្រជាក់ខ្លាំង ។ ក្នុងនោះអ្នករងរបួសវិញបានកើនឡើងដល់ ៣១៧៧៧នាក់៕

To Top