ព័ត៌មានអន្តរជាតិ

រុស្ស៊ី ​ចេញ​ការ​ព្រមាន​ដល់​អាមេរិក ​បន្ទាប់​ពី​ការ​ចោទ​ប្រកាន់ ​ពី​ការ​បំផ្លិចបំផ្លាញ បំពង់បង្ហូរឧស្ម័ន Nord Stream

ម៉ូស្គូ៖ រុស្ស៊ី បានចេញការព្រមាន យ៉ាងម៉ឺងម៉ាត់ ដល់សហរដ្ឋអាមេរិក បន្ទាប់ពីសេតវិមានកាលពីថ្ងៃពុធ បានរុញច្រានរបាយការណ៍របស់អ្នកសារព័ត៌មាន ស៊ើបអង្កេតអាមេរិក ដែលថាទីក្រុងវ៉ាស៊ីនតោន ទទួលខុសត្រូវ ចំពោះការផ្ទុះកាលពីឆ្នាំមុន លើបំពង់បង្ហូរឧស្ម័ន Nord Stream របស់រុស្ស៊ី។

នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti របស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានស្តីបន្ទោសរដ្ឋបាលលោក បៃដិន ចំពោះការផ្ទុះដែលបានបំផ្លាញបណ្តាញដឹកជញ្ជូនឧស្ម័នកាលពីខែកញ្ញា ដោយប្តេជ្ញាថា នឹងមាន “ផលវិបាក” ។

លោកកំពុងសំដៅទៅលើរបាយការណ៍មួយ ដែលត្រូវបានបោះពុម្ពផ្សាយដោយអ្នកកាសែតស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកលោក Seymour Hersh នៅលើ Substack របស់លោក ដែលបានចោទប្រកាន់ថា ការវាយប្រហារមួយត្រូវបានធ្វើឡើងនៅលើបំពង់បង្ហូរឧស្ម័ន Nord Stream តាមការណែនាំរបស់ប្រធានាធិបតីលោក ចូ បៃដិន ។ សេតវិមានបានច្រានចោលការអះអាងនេះ ដោយហៅពួកគេថា “ជាការប្រឌិតទាំងស្រុង និងមិនពេញលេញ”។

លោក Ryabkov បានលើកឡើងថា “ជាទូទៅ ការបោះពុម្ភកាលពីម្សិលមិញបានបញ្ជាក់ពីការសន្និដ្ឋានដែលយើងបានធ្វើសម្រាប់ខ្លួនយើង – អ្នកតំណាងផ្លូវការនៃក្រសួងការបរទេសបាននិយាយកាលពីម្សិលមិញថា យើងមិនដែលមានការសង្ស័យណាមួយដែលថា សហរដ្ឋអាមេរិក អាចជាប្រទេសផ្សេងទៀតរបស់អង្គការណាតូបានចូលរួមក្នុងការបំផ្លិចបំផ្លាញដ៏ឃោរឃៅនេះ”។

លោកបានប្រាប់អ្នកសារព័ត៌មាន ដោយឡែកពីគ្នានៅទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ថា “ការសន្មត់របស់រុស្ស៊ី គឺថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ ជាច្រើនបានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មដ៏គួរឱ្យស្អប់ខ្ពើមនេះ” ។ លោក Ryabkov បានគំរាមកំហែង “ផលវិបាក” សម្រាប់សហរដ្ឋអាមេរិក ដោយមិនបានបញ្ជាក់លម្អិតនោះទេ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះដែលបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream នៅក្រោមសមុទ្របាល់ទិកកាលពីខែកញ្ញាឆ្នាំមុន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top