ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា អង្គការ NATO គួរតែបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាពីការរកឃើញថ្មីៗ អំពីការផ្ទុះនៅខែកញ្ញា នៅឯបំពង់បង្ហូរឧស្ម័ន Nord Stream ។
អ្នកកាសែតស៊ើបអង្កេត Seymour Hersh ដែលបានឈ្នះរង្វាន់ Pulitzer នៅក្នុងឆ្នាំ១៩៧០ បានឲ្យដឹងនៅក្នុងប្លុកមួយ កាលពីថ្ងៃពុធដោយដកស្រង់ ប្រភពមិនស្គាល់អត្តសញ្ញាណថា អ្នកមុជទឹករបស់កងទ័ពជើងទឹកអាមេរិក បានបំផ្លាញបំពង់បង្ហូរឧស្ម័ន ដោយមានគ្រឿងផ្ទុះតាម បញ្ជារបស់ប្រធានាធិបតី ចូ បៃដិន ។
សេតវិមានបានច្រានចោលថា ជា “ការប្រឌិតទាំងស្រុង និងរឿងមិនពិត” ចំពោះការអះអាងដែលថា សហរដ្ឋអាមេរិកនៅពីក្រោយ ការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដែលបញ្ជូនឧស្ម័នរុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ ។
ប្រទេសស៊ុយអែត និងដាណឺម៉ាក ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលការផ្ទុះបានកើតឡើងនោះ បានសន្និដ្ឋានថា បំពង់បង្ហូរឧស្ម័ននេះ ត្រូវបានបំផ្ទុះដោយចេតនា ប៉ុន្តែមិនទាន់បានអះអាងថា អ្នកណាអាចទទួលខុសត្រូវឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា