ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន អះអាងថា តំបន់ធំៗចំនួន៣អាចជៀស ​ពីការដាច់ចរន្តអគ្គីសនី ក្រោយពីរងការវាយប្រហារដោយរុស្ស៊ី

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា តំបន់ធំៗចំនួន៣របស់ប្រទេសអ៊ុយក្រែន និងរដ្ឋធានី គៀវ នឹងអាចជៀសវាងការដាច់ ចរន្តអគ្គិសនីនៅថ្ងៃអាទិត្យនេះ ។ អ្នកផលិតឈានមុខគេ គឺក្រុមហ៊ុន DTEK បានឲ្យដឹងដូច្នេះកាលពីថ្ងៃសៅរ៍ ខណៈដែលអាជ្ញាធរបានធ្វើការ ជួសជុលបណ្តាញអគ្គិសនីដែលខូច ដោយសារការវាយប្រហារ ទ្រង់ទ្រាយធំមួយរបស់រុស្ស៊ី ។

ក្រសួងការពារជាតិរុស្ស៊ី នៅមុននេះបន្តិចបានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានធ្វើ “ការវាយប្រហារជាទ្រង់ទ្រាយធំ” ទៅលើកន្លែងផ្តល់ថាមពលសំខាន់ៗ នៃអគារឧស្សាហកម្មយោធា-ឧស្សាហកម្មរបស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ ។

ក្រុមហ៊ុន DTEK បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិករបណ្តាញអគ្គិសនី Ukrenergo មិនបានដាក់កម្រិតបន្ថែមលើការ ប្រើប្រាស់ទេនៅថ្ងៃអាទិត្យនេះ ដែលមាននេះន័យថា មិនគួរមានការដាច់ចរន្តអគ្គិសនី នៅក្នុងទីក្រុង គៀវ និងតំបន់ជុំវិញ ក៏ដូចជាតំបន់ Odesa និង Dnipro នោះទេ។

លោក German Galushchenko រដ្ឋមន្ត្រីថាមពលរបស់ប្រទេសអ៊ុយក្រែន បានថ្លែងថា រុស្ស៊ីបានវាយប្រហាររោងចក្រ ថាមពលនៅក្នុងតំបន់ចំនួន៦ ជាមួយនឹងមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលបណ្តាលឱ្យដាច់ចរន្តអគ្គីសនី ភាគច្រើននៅទូទាំងប្រទេស ។

កងកម្លាំងប្រដាប់អាវុធ របស់អ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានបាញ់មីស៊ីលជាង១០០គ្រាប់ និងបានវាយប្រហារតាមអាកាសចំនួន ១២លើក និងការបាញ់គ្រាប់ផ្លោងចំនួន ២០គ្រាប់កាលពីថ្ងៃសុក្រ ។ កងកម្លាំងបានបញ្ជាក់ថា គ្រាប់មីស៊ីលដែលបាញ់ដោយរុស្ស៊ីចំនួន ៦១គ្រាប់ ត្រូវបានកម្ទេចចោល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top