ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តភ្នំសុពណ៌កាទ្បី ស្ថិតក្នុងចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រចេះ នា ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក សូមចូលរួមអបអរសាទរ ចំពោះសមិទ្ធផលជាច្រើនដែលមាននៅក្នុងទីអារាមដែលមានវ័យចំណាស់ជាង ១០០ ឆ្នាំមួយនេះ និងដែលមានជាប់ទាក់ទិនទៅនឹងរឿងព្រេងនិទានបុរាណប្រចំាតំបន់នេះផងដែរ។ សមិទ្ធផលទាំងនេះកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ តាមរយៈការប្រតិបត្តិនូវប្រពៃណីនៃការចែករំលែក ដោយបានខិតខំថែរក្សា និងបន្តកសាងសមិទ្ធផលដែលបុព្វបុរសជំនាន់មុនបានបន្សល់ទុកឱ្យជាកេរតំណែល និងប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។
លោកបណ្ឌិតលើកឡងថា ការធ្វើអំពើបុណ្យ និងការធ្វើអំពើបាប គឺត្រូវបានឆ្លុះបញ្ចាំង និងទទួលការវិនិច្ឆ័យតាមតាមរយៈសច្ចធម៌ពិតប្រាកដដោយមនុស្សនៅជុំវិញខ្លួន។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា តែងបានធ្វើបុណ្យធ្វើទានជាមួយប្រជាពលរដ្ឋជាប់ជាប្រចាំ ជាពិសេសអស់រយៈកាលជាង ៤០ ឆ្នាំកន្លងមកនេះ ហើយក៏នៅតែបន្តកសាងកុសលផលបុណ្យ និងសមិទ្ធផលច្រើនសន្ធឹកសន្ធាប់តទៅមុខទៀត ដោយនិរន្តរភាព និងចីរភាព។
លោក បន្តថា សម្តេចតេជោ តែងមានមនោសញ្ចេតនាជ្រាលជ្រៅបំផុតជាមួយប្រជាពលរដ្ឋ ដោយសម្តេចបានយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ជនរួមជាតិ ហើយក៏សម្តេចក៏ជាតួអង្គដ៏សំខាន់មួយនៃដំណើរការបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសុខសនិ្តភាព សិទ្ធសេរីភាព និងឱកាសគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ដែលធ្លាប់ហែលឆ្លងទុក្ខលំបាកវេទនាជាច្រើនក្នុងអតីតកាល។ ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះ សម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បន្តបម្រើ និងការពារប្រជាពលរដ្ឋ និង ប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត៕