ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងទៅ ក្រសួងបានធ្វើសកម្មភាពចុះបញ្ជី ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងចុះបញ្ជីផ្លាកលេខពិសេសរាជធានី-ខេត្តជិតបាន៤ម៉ឺនផ្លាកលេខ ដោយទទួលចំណូលបានជាង ៨៤ប៊ីលានរៀល។
ក្នុងចំណោមផ្លាកលេខទាំងជិត៤ម៉ឺននេះ គឺការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ៧ ១២៥ផ្លាក បានចំណូល៤៤ប៊ីលានរៀល ។ ចំណែក ការចុះបញ្ជីផ្លាកលេខពិសេស (លេខរាជធានី-ខេត្ត) បានចំនួន ៣១ ៧៥៦ផ្លាក និងបានចំណូលជាង៤០ប៊ីលានរៀល ។ នេះបើលោករដ្ឋមន្រ្តីប្រកាស ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួង នាថ្ងៃ១៦ កុម្ភៈ។
លោកទេសរដ្ឋមន្ដ្រីកត់សម្គាល់ថា ចាប់តាំងពីបើកដំណើរការ ចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន តាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការអន្តរក្រសួងចុះបញ្ជីបាន ១៦ ១៣២ផ្លាក និងទទួលបានចំណូលជាង១១៤ប៊ីលានរៀល។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រីបន្ថែមថា គិតមកទល់បច្ចុប្បន្ន ក្រសួងបានចុះបញ្ជីយានយន្តអគ្គិសនី នៅកម្ពុជាចំនួន ៧៣១គ្រឿង និងបានរៀបចំស្ថានីយបញ្ចូលថាមពល យានយន្តអគ្គិសនីចំនួន ៧ទីតាំង រួមមាន ៖ ៤នៅទីស្តីការក្រសួង , ១ នៅខេត្តសៀមរាប , ១នៅខេត្តបាត់ដំបង និង១ទៀត នៅខេត្តព្រះសីហនុ។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏លើកឡើងដែរថា ក្រសួងបានដាក់ដំណើរការសាកល្បង កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក លើទូរស័ព្ទដៃក្នុងរយៈពេល ៥ខែចុងក្រោយនេះ ដោយផាកពិន័យដកពិន្ទុបណ្ណបើកបរមានចំនួន ៣៦.៣០០ករណី ៕