ព័ត៌មានជាតិ

មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ៖ បើគ្មានសម្តេចតេជោទេ គឺគ្មានទេសន្តិភាព

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារ ជើងគោកជប៉ុន បានលើកសរសើរពីគុណបំណាច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា បើគ្មានសម្តេចទេ ពិតជាគ្មានឡើយនូវកត្តាសន្តិភាព។

ក្នុងឱកាសកោតសរសើរសម្តេចតេជោនេះ បានធ្វើឡើងក្នុងជំនួបជាមួយសម្តេចតេជោ នាថ្ងៃ១៦ កុម្ភៈ ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ឲ្យដឹងក្រោយបញ្ចប់ជំនួបគឺ លោក យ៉ូស៊ីដា បានថ្លែងថា “បើសិនគ្មានសម្ដេចតេជោទេ គឺគ្មានទេសន្តិភាពឡើយ”។ លោកនឹងជំរុញពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយស្មើភាព មិនមានអ្នកដើរពីមុខ ឬអ្នកដើរពីក្រោយ គឺដៃគូស្មើភាពគ្នា ដើម្បីបម្រើឲ្យការងារមនុស្សធម៌ផង និងរក្សាសុខសន្តិភាពផង។ ក្នុងន័យនេះលោកយ៉ូស៊ីដា បានគោរពស្នើសុំការគាំទ្រ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះការវាយតម្លៃរបស់លោក យ៉ូស៊ីដា ហើយបានជម្រាបពីដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា ដែលជាប្រទេសបានរងការបែកបាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

សម្ដេចតេជោបន្តថា នៅពេលនោះ ពិតជាពិបាកកម្ពុជា បានរងនូវការបាត់បង់ស្ទើរទាំងអស់។មួយចំណែកទៀត កម្ពុជារងនូវការកាប់សម្លាប់ អស់ជាង៣លាននាក់។ ក្នុងនាមជាយុវជនមួយរូប សម្ដេច គ្មានជម្រើសផ្សេងទេ មានតែការកសាងទ័ព តស៊ូ ចចារ និងយកជីវិតទៅប្ដូរ ដើម្បីសន្តិភាព។ មានសន្តិភាព ទើបមានអ្វីៗទាំងអស់ គ្មានសន្តិភាពទេ គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ គ្មានទេសិទ្ធិមនុស្ស ព្រោះប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនជ្រកក្រោមសង្គ្រាមទេ ជាក់ស្ដែងដូចជា ស្ថានភាពនៅអ៊ុយក្រែន ជាឧទាហរណ៍ស្រាប់ ។

សម្ដេចតេជោបានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយដល់កម្ពុជា ក្នុងដំណើរការចរចា និងប្រតិបត្តិការស្វែងរកសន្តិភាព និងតែងតែជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ ។

សម្ដេចតេជោ បានលើកទឹកចិត្តកងទ័ពទាំងពីរ សហការគ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឲ្យសេចក្ដីសុខសន្តិភាព របស់ប្រជាជនទាំងពីរផង ទាំងក្នុងតំបន់ និងក្នុងពិភពលោកផងដែរ ៕

To Top