ព័ត៌មានជាតិ

ក្រសួងអប់រំស្នើសុំសម្តេចតេជោ ឧបត្ថម្ភថវិកា២លានរៀលជារៀងរាល់ខែ ដល់និស្សិតខ្មែរនៅវូហាន

ភ្នំពេញ ៖ ដោយសារស្ថានភាព នៃជំងឺរលាកសួតប្រភេទថ្មីបន្តរាលដាល ដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ជាហេតុធ្វើឲ្យប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់និស្សិតខ្មែរ កំពុងស្នាក់នៅក្រុងវូហាន ខេត្តហឺប៉ី ក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឧបត្ថម្ភប្រាក់ប្រចាំខែដល់ពួកគេ ក្នុងម្នាក់ៗ២លានរៀល សម្រាប់សម្រួល ដល់បន្ទុករស់នៅប្រចាំថ្ងៃ ។ នេះបើតាមការលិខិសស្នើសុំ ទៅកាន់សម្តេចតេជោ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

ការឧបត្ថម្ភនេះ ជាបន្ទុករបស់ក្រសួង ដោយប្រើប្រាស់ថវិកាកម្មវិធីឆ្នាំ២០២០ ។ ឧបត្ថម្ភនឹងបន្ត រហូតដល់ស្ថានការណ៍ នៃមេរោគកូរ៉ូណាបានស្រាកស្រាន្ត ។

កាលពីថ្ងៃ៤ កុម្ភៈ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានបង្កើតគណៈកម្មការ និងចាត់តាំងតំណាង១រូប ដើម្បីទាក់ទងផ្ទាល់ និងសួរសុខទុក្ខនិស្សិតកម្ពុជាទាំង២៣នាក់ ដែលកំពុងស្នាក់នៅទីក្រុងវូហាន ខេត្តហូប៉ី ផងដែរ។ ក្នុងនោះ ក្រសួងក៏បានផ្តល់ថវិកា សរុបចំនួន ៤៦លានរៀល ដោយនិស្សិតម្នាក់ៗ ទទួលបាន២លានរៀល) ដើម្បីជួយឧបត្ថម្ភ ដល់ការរស់នៅប្រចាំថ្ងៃ ៕

To Top