ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អឺរ៉ុប នឹងណាតូ គ្រោងបើកកិច្ចប្រជុំត្រីភាគី នៅក្នុងខែនេះ

គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា ប្រទេសអ៊ុយក្រែននឹងរៀបចំ កិច្ចប្រជុំត្រីភាគីជាលើកដំបូង ជាមួយសហភាពអឺរ៉ុប និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ នៅខែនេះ។

លោក Kuleba បានសរសេរឲ្យដឹងថា “ខ្ញុំទន្ទឹងរង់ចាំជួបជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg និងអ្នកតំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោក Josep Borrell ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងការការពារអ៊ុយក្រែន និងអឺរ៉ុប”។

លោក Kuleba, លលកStoltenberg និងលោក Borrell នឹងជួបគ្នានៅថ្ងៃទី២១ ខែកុម្ភៈ នៅទីស្នាក់ការកណ្តាលអង្គការណាតូ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នេះបើយោងតាមសេវាសារព័ត៌មាន របស់អង្គការណាតូ។

កាល​ពី​ខែ​មុន រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ឲ្យដឹងថា ការ​ធ្វើ​សមាហរណកម្ម​ ទៅ​ក្នុង​សហភាព​អឺរ៉ុប និង​អង្គការ​ណាតូ គឺ​ជា​គោលដៅ​កំពូល​សម្រាប់​អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅខែមិថុនាឆ្នាំ២០២២ មេដឹកនាំសហភាពអឺរ៉ុប បានទទួលយកអ៊ុយក្រែន ជាបេក្ខជនសម្រាប់សមាជិកភាព នៅក្នុងប្លុកនេះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top